(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី​​អាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានទទូច​ស្នើដោយផ្ទាល់​ទៅកាន់ លោក ម៉ាក ហ្សាក់គើបឺហ្គ (Mark Zuckerberg) ដែលជាបិតា​ស្ថាបនិក និងនាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Facebook ដើម្បី​ទប់ស្កាត់ ក៏ដូចជា​បង្រ្កាប ការ​​រីក​រាលដាល​ឡើងនៃ​ព័ត៌មានមិនពិត (Fake News) នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមដ៏ធំជាងគេបំផុត ប្រចាំពិភពលោក​​មួយ​នេះ ក្នុងអំឡុង​ជំនួបមួយ ធ្វើឡើងនៅប៉ុន្មាន​ថ្ងៃក្រោយ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​ទី៤៥ កាលពីឆ្នាំមុន។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់កាសែត Washington Post ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃ​ចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ការជួបពិភាក្សាគ្នា​ខាងលើ​ត្រូវគេរាយការណ៍ថា បានកើតមាន​ឡើង ក្នុងឱកាសកិច្ច​ប្រជុំមេដឹកនាំ​ពិភពលោកមួយ ដែលបាន​ប្រព្រឹត្តទៅនៅឯ​ទីក្រុងលីម៉ា នៃប្រទេស​ប៉េរូ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោល​គឺរយៈពេលប្រមាណជា ០២ខែ មុនពេល​ លោក ដូណាល់ ត្រាំ ស្បថឡើង​កាន់តំណែង​ជាមេដឹកនាំថ្មី របស់សហរដ្ឋអាមេរិក និងប៉ុន្មានថ្ងៃក្រោយ​ពី លោក Zuckerberg បាន​​ទាត់​ចោល​ការលើកឡើង​ដែលថា ព័ត៌មានបំភ្លៃ​គ្មានការពិតនានា ដែលបំផុសបំផុល​ឡើងដោយ​ក្រុមចារកិច្ច​រុស្ស៊ី បានបង្កជា​ផល​ប៉ះពាល់​ខ្លាំង ដល់លទ្ធផល​នៃការបោះឆ្នោត​នាឆ្នាំមុន នៅ​សហរដ្ឋអាមេរិក។

តាមប្រភព​ព័ត៌មានដដែល នាជំនួបកាល​នោះ «លោក Zuckerberg បានទទួល​ស្គាល់បញ្ហា ដែលបង្កឡើងដោយ​ព័ត៌មាន​មិនពិត ក៏ប៉ុន្តែមហាសេដ្ឋី​វ័យក្មេងរូបនេះ បានប្រាប់​លោក អូបាម៉ា ថា​សារទាំងនោះ មិនបានរីករាលដាលខ្លាំង ពាសពេញ​បណ្តាញ Facebook ឡើយ ហើយវាក៏មាន​វិធីសាស្រ្តងាយស្រួល ដើម្បីដោះស្រាយ​បញ្ហានេះដែរ»

គួរបញ្ជាក់ថា សេចក្តីរាយការណ៍​ព័ត៌មានខាងលើ បានកើតមាន​ឡើងនៅ​ប៉ុន្មានថ្ងៃ បន្ទាប់ពី Facebook បាន​ប្រកាសថា នឹងប្រគល់​​ទៅ​ឲ្យសភាអាមេរិក នូវការផ្សព្វផ្សាយ​នានា ដែលខ្លួនបានរក​ឃើញថា ត្រូវបាន Fake Account មួយចំនួន មានទំនាក់ទំនង​​នឹង​ប្រទេសរុស្ស៊ី ធ្វើការទិញ​យក​ក្នុងគោលបំណងដុតរោល​ស្ថានការណ៍​នយោបាយអាមេរិក នៅមុន ​និង​ក្រោយ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៦ របស់​អាមេរិក៕