(វ៉ាស៊ីនតោន)៖ កងកម្លាំងចម្រុះដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បានផ្តាច់ជីវិតជនស៊ីវិល​ស្លូតត្រង់​យ៉ាងតិច ៨៤នាក់ រួមមានទាំង​កុមារ​ចំនួន ៣០នាក់ ក្នុងអំឡុងនៃ​ប្រតិបត្តិការ​វាយប្រហារ តាមផ្លូវអាកាស​ចំនួន ០២លើក សំដៅកម្ចាត់​ក្រុមភេរវករ ISIS នៅក្បែរ​ទីក្រុង Raqqa កាលពី​ខែមីនា​កន្លងទៅ។ នេះបើតាម​ការអះអាង​របស់អង្គការឃ្លាំមើលសិទ្ធិ​មនុស្ស​អន្តរជាតិ ដកស្រង់​ដោយសារ​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមការប្រកាស​របាយការណ៍​របស់អង្គការ Human Rights Watch ការទម្លាក់គ្រាប់បែក​តាមផ្លូវអាកាស​ចំនួនពីរលើក នៅក្បែរ​ក្រុង Raqqa នៃប្រទេស​ស៊ីរី កាលពីខែមីនា ឆ្នាំ២០១៧ បានសម្លាប់ប្រជាជន​ស្លូតត្រង់ យ៉ាងហោច​ណាស់ចំនួន ៨៤នាក់ ដោយ​ក្នុង​នោះ​រួមមានកុមារ​ដល់ទៅ ៣០នាក់ឯណោះ ដែលប្រការនេះ​បានបង្កជាក្តីកង្វល់​យ៉ាងខ្លាំងថា ក្រុមចម្រុះ​អន្តរជាតិ មានអាមេ​រិក​​ជា​អ្នក​ដឹកនាំនេះ ដែលកំពុង​ប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវករជ្រុល​និយម ISIS មិនបានយក​ចិត្តទុកដាក់ ឬក៏មានការប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បីកាត់​បន្ថយចំនួន​ជនស៊ីវិល ដែលអាចទទួល​រង​គ្រោះនោះឡើយ។

អង្គការសិទ្ធិមនុស្ស​អន្តរជាតិខាងលើនេះ​បានអះអាងថា សេចក្តីសន្និដ្ឋាន​របស់ខ្លួន គឺយោង​ទៅតាម​ការស៊ើបអង្កេត​​យ៉ាង​ហ្មត់​ចត់ ​លើ​ទីតាំងរង​ការវាយប្រហារដោយផ្ទាល់ ដែលស្ថិតនៅ​ក្រុង​ចំនួន០២ ភាគខាងលិច​ទីក្រុង Raqqa ដោយ​ការវាយប្រហារ​ទីមួយ​ ត្រូវ​​បាន​​ធ្វើ​ឡើង​ទៅលើ​សាលារៀន​មួយកន្លែង ដែលផ្ទុកទៅដោយ​ក្រុមគ្រួសារជន​ភៀសខ្លួន ក្នុងក្រុង Mansourah និងទីពីរ ទៅ​​លើ​ផ្សារ​​រួម​​ទាំង​ហាងនំប៉័ង​មួយកន្លែង នៅក្រុង Tabqa កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ Human Rights Watch បានរក​​ឃើញ​​ថា ​ពិត​ជា​មានវត្តមាន​ជនសកម្មប្រយុទ្ធ​របស់ ISIS នៅទីតាំង​ទាំងពីរប្រាកដមែន តែក៏មានវត្តមាន​ប្រជាជនស៊ីវិល​ជាច្រើននាក់ផងដែរ។

ជុំវិញរឿងនេះ កងកម្លាំងចម្រុះ​បានចេញមុខ​ទទួលស្គាល់ថា ខ្លួនពិតជាបានបើក​ការវាយប្រហារ តាមផ្លូវអាកាស ទៅលើសាលា​​រៀននៅ Mansurah មែន ដោយជឿជាក់ថា វាគឺជា​ទីស្នាក់ការ និងឃ្លាំងស្តុក​អាវុធរបស់ក្រុម ISIS ហើយពុំមាន​វត្តមានជនស៊ីវិល​​នៅទីនោះឡើយ។ ទន្ទឹមនឹងនេះ ក្រុមចម្រុះ​ដដែលនេះ​បានអះអាងថា ខ្លួនកំពុងបន្តធ្វើការ​ស៊ើបអង្កេត ទៅលើការ​ចោទប្រកាន់​​ដែលថា កងយន្តហោះចម្បាំង​របស់ខ្លួន បានផ្តាច់ជីវិត​ប្រជាជន​ស្លូតត្រង់ ក្នុងប្រតិបត្តិការ​វាយប្រហារ​នៅផ្សារនៃក្រុង Tabqa នៅ​ឡើយទេ៕