(ប៉េកាំង)៖ ប្រទេសចិនដែលតែងតែរងគ្រោះធម្មជាតិ ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងតំបន់​ជារៀង​រាល់ឆ្នាំនោះ បានចាប់ផ្តើមប្រតិបត្តិការផ្តាយរណបតាមដានអាកាសធាតុ ជំនាន់ទីពីររបស់ខ្លួន​ជាផ្លូវការហើយនៅដើមសប្តាហ៍ថ្មី​នេះតែម្តង ដែលមានឈ្មោះថា  Fengyun-4A។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់ការធ្វើតេស្ត​លើសមត្ថភាពរបស់ផ្តាយរណបខាងលើនេះ ជាពិសេសគឺប្រព័ន្ធបញ្ជូន​ទិន្នន័យមកផែនដីវិញ គឺត្រូវបានបញ្ចប់រួចរាល់ហើយ នៅក្នុងដំណើរគោចរសាកល្បង​របស់​វាជុំវិញភពផែនដី។ នេះបើតាម​ការចេញសេចក្តីប្រកាសពី រដ្ឋបាលនៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, និងឧស្សាហកម្មសម្រាប់វិស័យការពារជាតិចិន។

គួរបញ្ជាក់ថា ផ្កាយរណប Fengyun-4A ​ខាងលើនេះ នឹងត្រូវប្រើប្រាស់​ដើម្បីអភិវឌ្ឍន៍ ការព្យាករណ៍​អាកាសធាតុ និងបរិយាកាស​របស់ប្រទេសចិន​ទាំងមូល ហើយសម្រាប់ការ​ធ្វើតេស្តជាលើក​ដំបូងនោះ គឺទទួលបាន​មកវិញនូវលទ្ធផល​ ដូចទៅនឹងការរំពឹងទុកផងដែរ។ ប្រការនេះ​ក៏នឹងធ្វើឲ្យ​ប្រទេសចិន ក្លាយជាប្រទេស​នាំមុខ នៅក្នុងវិស័យអភិវឌ្ឍន៍​ផ្កាយរណប ព្យាករណ៍​អាកាសធាតុ ដែលអាចគោចរ​ដូចគេឯងនៅជុំវិញ​ភពផែនដីផងដែរ។

សម្រាប់ផ្កាយរណបខាងលើនេះ ត្រូវបានបាញ់បង្ហោះ​ចេញពីស្ថានីយ៍បាញ់​បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) នៅក្នុងខេត្ត​ស៊ីឈន់ (Sichuan) ភាគនិរតី​ប្រទេសចិន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦៕