(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ជាថ្មីម្ដងទៀត នៅថ្ងៃចន្ទនេះ បានចោទប្រកាន់ថា ការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាមជាមួយប្រទេសរបស់លោក ហើយថាទីក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់ យន្ដហោះចម្បាំងអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងទីក្រុងញួយ៉ក លោក Ri Yong Ho បានគូសបញ្ជាក់ដូច្នេះថា៖ «វាជាសេចក្ដីថ្លែងការណ៍ប្រកាសសង្រ្គាមយ៉ាងច្បាស់ក្រឡែត ពីព្រោះវាជាពាក្យសម្ដីចេញពី មាត់ប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាច...ដូច្នេះបើសិនវាជាការប្រកាសសង្រ្គាម ទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ ក៏យើងនឹងចាត់រាល់វិធានការទំាងអស់ដើម្បីការពារខ្លួនឯង ក្នុងនោះរួមមានទាំងការបាញ់ទម្លាក់ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក»

គួររំលឹកថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានគំរាមកម្ទេចកូរ៉េខាងជើងទៅជាផេះ បើសិនជា សហរដ្ឋអាមេរិក ត្រូវតែធ្វើបែបនោះជាដាច់ខាត ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ តែជាការឆ្លើយតប មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងចាត់វិធានការសកម្មភាពក្នុងកំរិតខ្ពស់បំផុត។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏បានអះអាងដែរថាវិធានការឆ្លើយតបរបស់លោក គីម អាចជាការធ្វើ តេស្ដគ្រាប់បែកអ៊ីដ្រូសែននៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយភ្លាមៗបន្ទាប់ពីការព្រមាននេះដែរ កងកម្លាំងទ័ពអាកាសអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B អមដោយ យន្ដហោះចម្បាំង F-15C ជាច្រើនគ្រឿង ទៅហោះឆ្វែលពីលើដែនអាកាសអន្តរជាតិ ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍៕