(ម៉ូស្គូ)៖ មហាយក្សចិន និងរុស្ស៊ី​បានស្នើឲ្យគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងបញ្ហា​នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ឲ្យមានការ​ខាំមាត់​សង្កត់ចិត្ត​និងផ្អាក​រាល់សកម្មភាព​ទាំងឡាយណា ដែលអាចបង្កើន​ភាពតានតឹង​នៅក្នុងតំបន់។ នេះបើតាមការដកស្រង់​ការផ្សាយ​ចេញពី​ ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ីន​ហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍​ខាងលើ​ធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍​ប្រឹក្សា​យោបល់ចិន-រុស្ស៊ី លើកទី០៨ ស្តីពីស្ថានការណ៍​សន្តិសុខ នៅក្នុងតំបន់​​អាស៊ីឦសាន ដែលបានប្រព្រឹត្ត​ទៅនាពេលថ្មីៗនេះ ដោយមាន​ជំនួយការ​រដ្ឋមន្រ្តីការបរទេស​ចិន លោក គង់ ហ្ស័នយូ (Kong Xuanyou) និងអនុរដ្ឋមន្រ្តី​​ការបរទេសរុស្ស៊ី លោក អ៊ីហ្គ័រ ម៉រហ្គូឡូវ (Igor Morgulov) ធ្វើជាសហប្រធាន។

យោងតាមសេចក្តី​ថ្លែងការណ៍​ដដែលនេះ ចិន និងរុស្ស៊ីបាននិងកំពុង​តាមដានយ៉ាង​យកចិត្តទុកដាក់ លើស្ថានការណ៍​នៅឧបទ្វីបកូរ៉េ ហើយនៅតែបន្តជឿ​ជាក់លើ គោលដៅនៃ​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះ។ ម៉្យាងវិញទៀត ប្រទេសទាំងពីរ​បាន​អំពាវ​ឲ្យគ្រប់ភាគី​ពាក់ព័ន្ធ ពិចារណា​ម្តងទៀត ចំពោះវីធីសាស្រ្ត​ផ្លូវពីរ​របស់ចិន ដែលស្នើឲ្យ​កូរ៉េខាងជើង​ផ្អាកសកម្មភាពមីស៊ីល និងនុយក្លេ​អ៊ែរ​របស់ខ្លួន ជាថ្នូរនឹង​ការបញ្ឈប់​សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ អាមេរិក-កូរ៉េខាងត្បូង ក៏ដូចជា​មធ្យោបាយ​ជាជំហានៗ​របស់រុស្ស៊ី។

ជាមួយគ្នានេះ ចិននិងរុស្ស៊ី ក៏បានបញ្ជាក់ពីជំហរជំទាស់ដដែលផងដែរ ចំពោះការដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នៅ​លើ​ទឹក​ដី​កូរ៉េខាងត្បូង៕