(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បាននិយាយថា ជប៉ុនគួរតែខិតខំ​លើកកម្ពស់​ ទំនាក់ទំនងទ្វេភាគី​ជាមួយនឹងចិន ហើយលោកក៏​បានទទួលស្គាល់​ដែរថា ការអភិវឌ្ឍ​ប្រកបដោយស្ថេរភាព​របស់ទីក្រុងប៉េកាំង​គឺនឹងផ្ដល់ប្រយោជន៍​ដល់ជប៉ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

លោក Yukio Hatoyama មានអាយុ ៧១ឆ្នាំ បានថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយ ស៊ីនហួរ។ អតីត​នាយករដ្ឋមន្រ្តី​ជប៉ុនរូបនេះ បានកត់​សម្គាល់យ៉ាងដូច្នេះថា «ទំនាក់ទំនង​នយោបាយ​រវាង ជប៉ុន និងចិន ក្នុងពេលបច្ចុប្បន្ន​មានភាព​មិនប្រក្រតី ពីព្រោះជប៉ុននៅតែបារម្ភ​ពីការគំរាមកំហែងរបស់​ចិន... តែខ្ញុំសង្ឃឹមថា ជប៉ុនអាច​នឹងដឹងថា នេះគឺជាកំហុស​ឆ្គងមួយ ហើយខិតខំ​ប្រឹងលើក​កម្ពស់ទំនាក់​ទនងជាមួយចិន»។ លោក Hatoyama បន្ថែមថា ជប៉ុនគួរ​តែបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដា​ប្រទេសជិតខាង​ជាពិសេសគឺចិន ហើយមិនតែ​ប៉ុណ្ណោះ​ទីក្រុងតូក្យូ ក៏គួរតែស្វែង​រកតុល្យភាព​នៃទំនាក់ជាមួយ​ចិន និងសហរដ្ឋអាមេរិក​ផងដែរ។

គួរបញ្ជាក់ថា បើតាម​លោក Yukio Hatoyama ជប៉ុនរឹតតែ​គួរផ្ដោតជាមុនលើ​គោលដៅ​ ក្លាយជាមហាអំណាច​មធ្យម ជាជាងព្យាយាម​ចង់ក្លាយជា​មហាអំណាចកំពូល​ ព្រមទាំងគិតគូរពី ការបង្កើន​សមត្ថភាពការពារ​ខ្លួនឯង​ជាមុនសិន។ លោក Hatoyama គឺជាអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ពីខែកញ្ញា ឆ្នាំ២០០៩ ដល់​ខែមិថុនា ឆ្នាំ២០១០៕