​(អាហ្រិ្វក)៖ អាជ្ញាធរសូម៉ាលី​បានឱ្យដឹងថា ចំនួនអ្នកស្លាប់​ដោយសារការវាយ​ប្រហារ បំផ្ទុះគ្រាប់បែក​នៅឯតំបន់ទីប្រជុំជន​មួយកន្លែង ក្នុង​រដ្ឋ​ធានីម៉ូហ្គាឌីស៊ូ (Mogadishu) បានកើនដល់ ២៧៦នាក់ហើយ ខណៈ​មនុស្ស ៣០០នាក់ផ្សេងទៀតបាន​រងរបួស។ នេះបើ​តាមកា​រ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន The Guardian នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមប្រភពដដែល ការវាយប្រហារ​កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាការ​វាយប្រហារ​ដ៏អាក្រក់ និងមានមនុស្សស្លាប់ច្រើន​ជាង​គេ​បំផុត គិតចាប់តាំង​ក្រុមឧទ្ទាម អាល់សាបាអាប់ (al-Shabaab) ដឹកនាំ​សកម្មភាពវាយប្រហារ លើអាជ្ញាធរ​នៅឆ្នាំ២០០៧។ ចំណែកឯ​​ប្រធានាធិប​តីសូម៉ាលី លោក ម៉ូហាម៉េដ អាប់ឌុលឡាហ៊ី ហ្វាម៉ាចូល (Mohamed Abdullahi "Farmajo" Mohamed) ក៏បានថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ ចំពោះការ​វាយប្រហារ​នេះ ដោយចាត់​ទុកថា វាគឺជាទង្វើគួរឱ្យ​ស្អប់ខ្ពើម​ជាទីបំផុត។ ប៉ុន្តែមកទល់​នឹងពេល មិន​ទាន់​មាន​ក្រុមណាមួយ​ចេញមុខ​ ទទួលខុសត្រូវ​នៅឡើយទេ ស្របពេល​អាជ្ញាធរសូម៉ាលី កំពុងដាក់​ការសង្ស័យ​លើ​ក្រុមឧទ្ទាម al-Shabaab។

គួរបញ្ជាក់ថា សោកនាដកម្មខាងលើ បានកើតឡើងនៅ​ប្រមាណជា ០២ថ្ងៃ បន្ទាប់ពី​មេបញ្ជាយោធាអាមេរិក​ប្រចាំនៅតំបន់​អាហ្រ្វិក បាន​មកធ្វើទស្សនកិច្ច​នៅក្នុងទីក្រុង Mogadishu ដើម្បីជួបពិភាក្សា​ការងារជាមួយ លោកប្រធានាធិបតីសូម៉ាលី និងក្រោយពីប្រមុខ​ការពារ​ជាតិ ​នៃប្រជាជាតិ​នៅអាហ្វ្រិក​ខាងកើតមួយនេះ បានចុះចេញពី​តំណែងដោយ​មិនបញ្ជាក់ហេតុផល​ច្បាស់លាស់៕