(សេអ៊ូល)៖ កងកម្លាំងម៉ារីន​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ​បានចាប់ផ្ដើម​​ធ្វើ​សមយុទ្ធយោធា​ដែនសមុទ្រ​ ដែលឈ្មោះថា Maritime Counter Special Operations Exercise (MCSOFEX) នៅឯឈូងសមុទ្រ​នៃតំបន់ឧបទ្វីបកូរ៉េ ចំពេលកំពុង​មាន​ភាពតាងតឹង​ស្រាប់​ជាមួយកូរ៉េខាងជើង និងក្រោយពីទីក្រុង​ព្យុងយ៉ាង​បានព្រមានជាថ្មីថា នឹងប្រើ​មីស៊ីល​បាញ់​​កម្ទេចកោះ ហ្គាំ (Guam) របស់អាមេរិក ប្រសិនបើ​កូរ៉េខាងត្បូង-ជប៉ុន-អាមេរិក មិនព្រមបញ្ឈប់​សមយុទ្ធ​យោធាទេនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង សមយុទ្ធយោធា​សមុទ្រនេះ​ នឹងបន្តរហូត​ដល់ថ្ងៃសុក្រ​សប្ដាហ៍នេះ នៅឯសមុទ្រ​ខាងកើត និងសមុទ្រ​លឿង ដោយមាន​ការចូលរួមពី​នាវាផ្ទុក​យន្ដហោះចម្បាំង អាមេរិក USS Ronald Reagan នាវាពិឃាត​ពីរគ្រឿង USS Stethem (DDG-63) និង USS Mustin (DDG-89) ហើយកាន់តែ​ពិសេសជាងនេះ​ទៅទៀត គឺសមយុទ្ធយោធា​នេះ ក៏មាន​ការចូលរួមពី​កងកម្លាំង​ពិសេស​អាមេរិក ដែលទទួល​បន្ទុកដឹកនាំ​បេសកកម្ម «កាត់ក្បាល» មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ផងដែរ។

បន្ថែមពី​លើនេះ យន្ដហោះ​ចម្បាំង F-15K, FA-18 និង A-10 រួមទាំង​ឧទ្ធម្ភាគ​ចក្រប្រយុទ្ធ AH-64E Apache, Lynx និង AW-159 Wild Cat សុទ្ធតែនឹង​មានវត្តមាន​ នៅក្នុងលំហាត់សឹក​កំញើញទីក្រុង​ព្យុងយ៉ាង។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន កូរ៉េខាងជើងបាន​ព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប ចំពោះសមយុទ្ធយោធា​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយអ្នកជំនាញខ្លះរំពឹងថា ទីក្រុង​ព្យុងយ៉ាងអាចបាញ់​មីស៊ីលផ្លោង ជាថ្មី​ម្ដងទៀតក្នុងឆាប់ៗនេះ៕