(មូស្គូ)៖ កូរ៉េខាងជើង​​កំពុងស្វែងរក​ «ការរស់នៅប្រកប​ដោយសន្តិភាព» ប៉ុន្តែទនឹ្ទមគ្នា​ប្រទេសមួយនេះ ក៏បានត្រៀម​ខ្លួនរួចជាស្រេច ដើម្បីកម្ទេចគ្រប់​សត្រូវទាំងអស់​ ដែលចង់រារាំង​ខ្លួនមិនឱ្យយើងទៅដល់​គោលដៅ​មួយនេះដែរ។ នេះគឺជាការ​​លើកឡើង​របស់​អនុប្រធាន​សភា​កូរ៉េខាងជើង​ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី  Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

អនុប្រធាន​សភាកូរ៉េខាងជើង លោក អាន ដុងជន (An Dong-chun) ថ្លែងបែបនេះ នាឱកាសបំពេញ​ដំណើរទស្សន​កិច្ច​មកកាន់ប្រទេស​រុស្ស៊ី ចូលរួមកិច្ចប្រជុំ​សហភាព​អន្តរសភា (​UIP)​ ដែល​ប្រព្រឹត្តទៅពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅឯទីក្រុង សេនត៍ ភីធើស្បឺក (Saint-Petersbourg)។ ជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹង​សំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធភាព​នៃកិច្ចចរចា​ដោយផ្ទាល់រវាង ទីក្រុ​ងវ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង អនុប្រធានសភា​រូបនេះបានកត់​សម្គាល់ដូច្នេះថា «ប្រទេស​របស់យើង​ប្រាថ្នាចង់​បាន អនាគតប្រកបដោយ​សន្តិភាព ហើយដើម្បី​ទទួលបាន​សន្តិភាព យើងបានត្រៀម​ខ្លួនរួចជាស្រេច​កម្ទេចគ្រប់សត្រូវ​ទាំងអស់ ដែលរារាំង​ផ្លូវរបស់យើងឆ្ពោះ​ទៅកាន់អនាគត​មួយនេះ»

គួរបញ្ជាក់ថា លោក An Dong-chun បានបដិសេធ​មិនឆ្លើយរាល់​សំណួររបស់​អ្នកសារព័ត៌មាន ទាក់ទិននឹង​នយោបាយ។ ម្យ៉ាង​វិញទៀត បើទោះជាលោក​មិនបានបញ្ជាក់ថា សត្រូវមួយណា ឬផ្លូវសន្តិភាព​នោះ​ជាអ្វីឱ្យប្រាកដ​ក៏ដោយ តែគេដឹងថា លោកទំនង​ជាចង់សំដៅ​លើសហរដ្ឋអាមេរិក និង​អាវុធនុយក្លេអ៊ែរ ដែលលោក គីម ជុនអ៊ុន ធ្លាប់អះអាងថា ជាវិធានការ​ការពារសន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់៕

http://defence-blog.com/wp-content/uploads/2017/05/C_1GGGSWAAAy_IB.jpg