(លីសបោន)៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនទីតាំងខុសៗគ្នា នៅក្នុងប្រទេសព័រទុយហ្គាល់ បានកើនដល់​៣៦នាក់​​ហើយ ហើយតាមអាជ្ញាធរតួលេខនេះ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

បើតាមអាជ្ញាធរព័រទុយហ្គាល់ អគ្គិភ័យភ្លើងឆេះព្រៃប្រមាណ៥២៣ករណីបានរីករាលដាលឡើង ចាប់តាំងពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុង​ប្រទេសអឺរ៉ុបមួយនេះ ដោយករណីភាគច្រើននិងអាក្រក់ៗជាងគេនោះ បានកើតឡើងនៅភាគខាងជើង និងភាគកណ្តាលប្រទេស។ មនុស្សទាំង៣៦នាក់បានបាត់បង់ជីវិត ស្ថិតក្នុងនៅស្រុក Coimbra, Aveiro, Castelo Brano, និង Viseu។ ក្រៅពីនេះមនុស្ស០៧នាក់ បាន​និងកំពុងបាត់ខ្លួន ស្របពេលដែល៥៦នាក់បានរងរបួស ដោយក្នុងនោះ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។

គួររំលឹកថា អគ្គីភ័យភ្លើងឆេះ​ព្រៃដ៏ប្រល័យកាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងតំបន់​នៃក្រុង Pedrogao grande ដែលស្ថិតនៅ​ប្រមាណ ១៥០គីឡូម៉ែត្រ ភាគឦសាន​រដ្ឋធានី​លីសបោន បានផ្តាច់ជីវិតមនុស្ស ៦៤នាក់ និងធ្វើឲ្យរបួសច្រើន​ជាង ២៥០នាក់៕