(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា​លើ​ក្រិត្យមួយ ដើម្បីដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង ដើម្បីអនុវត្តន៍​ទៅតាមសេចក្តី​សម្រេច របស់ក្រុមប្រឹក្សា​សន្តិសុខ​ នៃអង្គការសហប្រជាជាតិ។ នេះបើយោងតាមការផ្សាយ​ដោយ​សារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

សេចក្តីសម្រេច​ដែលមាន​ការចាត់វិធានការ​ជាពិសេស លើវិស័យ​សេដ្ឋកិច្ចនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប​ទៅនឹង ការបាញ់សាកល្បង​គ្រាប់មីស៊ីល របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាងកាលពីចុងឆ្នាំ២០១៦កន្លងទៅ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីតាំងពីដើមឡើយ​ត្រូវបានគេមើលឃើញថា មិនបានបញ្ចេញ​​ចំណាត់​ការធំដុំណាមួយ ដើម្បីដាក់បន្ទុក​លើកូរ៉េខាងជើង​នោះឡើយ ដោយសារតែ​មិនចង់​ឲ្យប៉ះពាល់​ដល់សម្ព័ន្ធមិត្តដ៏​សំខាន់បំផុត នៅតំបន់អាស៊ីបូព៌ា​មួយនេះ ខណៈដែល​ប្រទេសចិន​​បានបញ្ចេញ​ទណ្ឌកម្មជាច្រើន​ណាស់មកហើយ ដោយសារតែ​រងសម្ពាធពីអាមេរិក និងអន្តរជាតិ៕