(ម៉ូស្គូ)៖ រុស្ស៊ីកំពុងអភិវឌ្ឍន៍​សមត្ថភាពអាវុធ​របស់ខ្លួន ដើម្បីការពារ និងឆ្លើយតប​ទៅនឹងការគំរាម​កំហែង​ពីខាងក្រៅ ក្នុងនោះរួមមាន​ទាំងការកើនឡើង​ នៃការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល​អាមេរិក ជាពិសេសនៅក្នុង​តំបន់អឺរ៉ុប​ខាងកើត ក៏ដូចជាការបង្កើត​ប្រព័ន្ធវាយប្រហារ​សកល។ នេះបើតាម​អតីតប្រធាន​គណៈកម្មាធិការ​ការពារជាតិ​រុស្ស៊ី លោក វីកទ័រ អូហ្សេរ៉ូវ (Viktor Ozerov) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik លោក Viktor Ozerov បានកត់​សម្គាល់យ៉ាងដូច្នេះថា «យើងកំពុងអភិវឌ្ឍន៍​អាវុធរបស់យើង យើងមានប្រព័ន្ធ​កម្មវិធីអាវុធ​ផ្ទាល់ខ្លួន ដែលនឹងត្រូវបាន អនុម័តមុន​ដំណាច់ឆ្នាំ២០១៧... ចំណែកឯ ទាក់ទិន​នឹងការព្យាយាម​ បង្កើតប្រព័ន្ធ​វាយប្រហារ​ជាសកល​របស់សហរដ្ឋអាមេរិក ខ្ញុំយល់ថា ទីក្រុងវ៉ាស៊ីនតោន​កំពុងរំលោភ​លើតុល្យភាព យុទ្ធសាស្ត្រ​វាយលុក និងអាវុធ​ការពារខ្លួន ហើយដែលនេះ​នឹងមានតែធ្វើឱ្យ​ប៉ះពាល់ដល់​កិច្ចខិតខំប្រឹងប្រែង លុបបំបាត់​អាវុធនុយក្លេអ៊ែរ​តែប៉ុណ្ណោះ»។ តែទោះបីជា​យ៉ាងនេះក្ដី ក្រុមសមាជិក​សភារុស្ស៊ី​មិនជឿថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់​ប្រព័ន្ធនេះ វាយប្រហារ​លើកូរ៉េខាងជើង​នោះទេ។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Viktor Ozerov កើតមាន​ឡើងក្រោយ ក្រុមមន្ត្រីក្រសួង​ការពារជាតិរុស្ស៊ី​និយាយថា ចំនួនប្រព័ន្ធមីស៊ីល​ដែលត្រូវបាន​ចាប់ផ្ដើម​ដាក់ពង្រាយដោយ សហរដ្ឋអាមេរិក អាចនឹងកើនលើស ១,០០០​គ្រឿង នៅឆ្នាំ២០២២ ឬអាចកើនលើស​ចំនួនប្រព័ន្ធ​មីស៊ីលរុស្ស៊ីថែមទៀតផង៕