(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូ​ដែលឃ្លាំមើលការទង្គិច​គ្នា​រវាងផ្កាយ​ប្រភេទ Neutron Star (ស្នូលផ្កាយ ឬតារាណឺត្រុងតូចៗ តែមានទំងន់ធ្ងន់) កាលពីប៉ុន្មាន​ខែមុន បាន​ឈាន​ដល់ការ​សន្និដ្ឋានថា បណ្តាធាតុធ្ងន់ៗ​បំផុតនៅក្នុងចក្រវាឡ​របស់យើង រួមមានទាំង​លោហៈធាតុ​ដ៏មានតម្លៃ ដូចជាមាស និងប្រាក់ ព្រម​ទាំង​​សារ​​ធាតុ​​ដូចជា​​អ៊ុយរ៉ាញ៉ូមនោះ ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុងពេល នៃការរួមបញ្ចូល​ក៏ដូចជាប៉ះទង្គិច​គ្នា​រវាង Neutron Star ដូចទៅនឹង​​បាតុ​​ភូត​​ដែល​ពួកគេបាន​អង្កេតមើល​នាពេល​កន្លងមក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្រ្ត តែងតែមាន​ការងឿងឆ្ងល់ជា​យូរណាស់មកហើយថា តើធាតុធ្ងន់ៗ​បំផុតនៅក្នុង​ចក្រវាឡ បានមកពីទីណា។ ទ្រឹស្តីនាំមុខ​គេ​នោះគឺថា ពួកវាត្រូវ​បានបង្កើតឡើង​ក្នុងលក្ខខណ្ឌ​ដ៏ពិសេស នៅអំឡុងពេល​ការទង្គិចបញ្ចូល​គ្នារវាងផ្កាយ Neutron Star ប៉ុន្តែ​ពុំ​ធ្លាប់​​​មាន​ភស្តុតាងណាមួយ អាចបញ្ជាក់​គាំទ្រដល់ទ្រឹស្តី​នេះឡើយ។

យ៉ាងណាមិញ ក្រុមតារាវិទូ​នៃមន្ទីរ​ពិសោធន៍ Lawrence Berkeley National Laboratory បាននិយាយថា ការទង្គិច​គ្នានៃ Neutron Star ដែលត្រូវ​បាន​ឃ្លាំមើលនាពេលថ្មីៗ​នេះ គឺជាភស្តុតាង​យ៉ាងជាក់ច្បាស់ សម្រាប់គាំទ្រ​ទ្រឹស្តីនេះ។ Neutron Star ចំនួន០២ ដែល​នីមួយៗ​មាន​​ទំហំប្រហាក់ប្រហែល​នឹងប្រទេស​ដីកោះ Malta ប៉ុណ្ណោះ តែធ្ងន់ជាង​ព្រះអាទិត្យទ្វេដង​នោះ បានបុកគ្នា​យ៉ាងពេញ​ទំហឹង ​កាល​ពី​ខែ​សីហា​​កន្លងទៅ នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ ដែលគេឲ្យឈ្មោះថា «Kilonova»។ នាពេលនោះ​ហើយ ដែលអ្នកវិទ្យាសាស្រ្ត​បាន​​រកឃើញ​ចម្លើយ​ សម្រាប់ការងឿងឆ្ងល់​របស់​ពួកគេ។

គួរបញ្ជាក់ថា ភ្លាមៗក្រោយពីបាតុភូត «Big Bang» ដែលបង្កើតចេញ​ជាចក្រវាឡនោះ មានវត្តមានធាតុតែ​ចំនួន ០២ប៉ុណ្ណោះគឺ​​ អ៊ីដ្រូសែន និងអេល៉្យូម។ បន្ទាប់មកនៅ​ពេលដែល​ផ្កាយចាប់កំណើត​ឡើង ហើយចាប់ផ្តើម​ដំណើរការ Nuclear Fusion ពួកវាក៏ចាប់​ផ្តើមបង្កើត​ចេញ​​ជា​ធាតុ​ថ្មីៗ​​ និងធ្ងន់ជាងមុន ប៉ុន្តែដំណើរការ​នេះ​ទទួលបន្ទុក​សម្រាប់តែធាតុ ២៤ទៀតប៉ុណ្ណោះ នៅក្នុង​តារាង Periodic Table ​ដូចជា​កាបូន អុកស៊ីសែន និងដែកជាដើម។ ដូច្នេះ​ហើយ ទើបអ្នក​វិទ្យាសាស្រ្ត​មានចម្ងល់ថា តើធាតុដែលកើត​ចេញ​ដោយ​ធម្មជាតិ​ដទៃៗ​ទៀត បាន​មក​ពី​ណា​នោះ។

គួរជម្រាប​បន្ថែមថា Neutron Star ដែលធ្លាប់ជាស្នូល​របស់ផ្កាយធំៗ​មហិមា ដែលបានឆ្លងកាត់​បាតុភូតបន្ទុះ Supernova នោះ គឺជា​វត្ថុ​​ដ៏ក្រាស់​បំផុតទីពីរ នៅក្នុងចក្រវាឡ បន្ទាប់ពី​ប្រហោងខ្មៅ (Black Hole) បើតាមអ្នក​វិទ្យាសាស្រ្ត​បានដឹង៕