(វ៉ាស៊ីនតោន)៖ ប្រធានធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សាជាថ្មី​ម្តងទៀត​បានវាយប្រហារ​ពាក្យសម្តី ទៅលើបណ្តាញ​សារព័ត៌មាន ក្នុងប្រទេស​​របស់​​លោក ដែលលោកបាន​ចោទថា ធ្វើសេចក្តីរាយការណ៍​មិនពិត ដោយលើកនេះ​តាមរយៈប្រព័ន្ធ​ទាក់ទង​សង្គម Twitter លោក ត្រាំ បានចង្អុលមុខ​ប្រព័ន្ធផ្សព្វផ្សាយ​ចំនួន០៤​។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានបង្ហោះ​សារលើ Account Twitter ផ្លូវការរបស់​លោកថា «ព័ត៌មានក្លែងក្លាយ​ដ៏ច្រើនលើសលប់ កំពុងត្រូវបាន​​បោះពុម្ពផ្សាយ​តាមរយៈទស្សនាវដ្តី និងកាសែត ដែលតែកំពុង​បាត់បង់​ប្រជាប្រិយភាព ហើយកន្លែង​ដែលអាក្រក់ជាង​នេះទៅទៀតនោះ​ ប្រហែលជានៅស្ថានីយ៍​ទូរទស្សន៍ NBC News, CBS News, ABC News, និង CNN ដែលសុទ្ធតែជាអ្នកនិពន្ធរឿង​ប្រឌិត​សុទ្ធសាធ»

ដោយឡែក លោក ត្រាំ មិនបានរៀបរាប់​លម្អិតអំពីសេចក្តីរាយការណ៍​ជាក់លាក់ណាមួយ ដែលត្រូវបានរាយការណ៍ដោយស្ថាប័នព័ត៌​មានទាំងនេះឡើយ ក៏ប៉ុន្តែការប្រើប្រាស់​ពាក្យពេចន៍​ ចំអកឡកលើយជាថ្មីម្តង​ទៀត​បែបនេះ ធ្វើឡើងប្រមាណជា ០១សប្តាហ៍ ក្រោយពី​​រូបលោកបានស្តី​បន្ទោស NBC News ជុំវិញការចុះ​ផ្សាយថា លោក បានបញ្ជាឲ្យបង្កើនចំនួនអាវុធ​នុយក្លេអ៊ែរ​អាមេរិក និងរឿង​រដ្ឋមន្រ្តី​ការបរទេស​ លោក រ៉ិច ធីល្លឺសុន មានចេតនាចង់​ចុះចេញពី​តំណែង និងធ្លាប់បាន​ហៅលោក ត្រាំ ថាជាមនុស្សល្ងន់ខ្លៅ​ឡប់សតិ ពីក្រោយ​ខ្នង។

គួរបញ្ជាក់ថា បណ្តាញ​ទូរទស្សន៍អាមេរិក NBC, CBS, និង ABC សុទ្ធតែត្រូវបាន​បង្កើតឡើងតាំងពី​សម័យទសវត្សរ៍​១៩៤០ ហើយ​អាច​មើល​ឃើញនៅស្ទើរតែ​គ្រប់លំនៅឋានទាំងអស់ និងមានសាខា​រាប់រយកន្លែង ខណៈ CNN បានចាប់កំណើត​ឡើងកាលពី​ឆ្នាំ១៩៨០៕