(សេអ៊ូល)៖ អតីតបេក្ខភាព​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីល​ឡារី គ្លីនតុន បាននិយាយ​ថា ការគំរាមកំហែង​ចាប់ផ្ដើមធ្វើសង្រ្គាម​ជាមួយ​កូរ៉េខាងជើង គឺជារឿង​ដ៏គ្រោះថ្នាក់ និងជា​ការគិតខ្លី​តែប៉ុណ្ណោះ ហើយលោក​ស្រីបានជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ ធ្វើយ៉ាងណានាំ​ភាគីទាំងអស់​មកអង្គុយ​តុចរចា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

លោកស្រី គ្លីនតុន ថ្លែងបែបនេះ​នៅក្នុងវេទិកា​មួយ​​ រៀបចំឡើងនៅក្នុង​ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​នៅថ្ងៃពុធនេះ។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក​រូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «វាគ្មានភាពចាំបាច់​សម្រាប់យើង​​ត្រូវគំរាមកំហែង និងឈ្លានពាន​លើកូរ៉េខាងជើ​ងនោះទេ... តែពេលនេះអ្វី​ដែលចាំបាច់​ត្រូវធ្វើ នោះគឺដាក់​សម្ពាធឱ្យកាន់តែ​ខ្លាំងលើ​កូរ៉េខាងជើង ព្រមទាំងប្រើវិធានការ​ការទូត នាំ​ទីក្រុងព្យុងយ៉ាង​​ត្រឡប់មករក​តុចរចាវិញ»។ បន្ថែមពី​លើនេះ លោកស្រី គ្លីនតុន ក៏បានជំរុញ​ផងដែរ​ឱ្យទីក្រុង​ប៉េកាំង ប្រើប្រាស់​ឥទ្ធិពលរបស់ខ្លួន​ដាក់សម្ពាធ និងទណ្ឌកម្ម​ ដើម្បី​ទប់ស្កាត់ការអភិវឌ្ឍ​កម្មវិធី​មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ភាពតានតឹង​រវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​បានកើនឡើង​ខ្លាំងបន្ទាប់​ពីលោក ដូណាល់ ត្រាំ ហៅ​លោក គីម ជុងអ៊ុន ថាបុរសគ្រាប់រ៉ុក្កែត និងព្រមាន​កម្ទេចទីក្រុង​ព្យុងយ៉ាង ឱ្យក្លាយ​ទៅជាផេះ សម្រាប់ការ​ធ្វើតេស្ដមីស៊ីល និងនុយក្លេអ៊ែរ​ជាបន្តបន្ទាប់ ​ដោយមិនខ្វល់​ពីទណ្ឌកម្ម UN។ តែទោះជា​យ៉ាងនេះក្ដី ក្រសួងការបរទេស​អាមេរិក​នៅតែអះអាងថា ខ្លួនមិនបាន បង់បោះចោល​លទ្ធភាព​ស្វែងរកការចរចា ​ដោយផ្ទាល់​ជាមួយកូរ៉េខាងជើងឡើយ ខណៈអគ្គរដ្ឋ​ទូតរង​កូរ៉េខាងជើង ប្រចាំ UN ព្រមានថា ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ​បច្ចុប្បន្ន អាច​នឹងបង្កទៅជា​សង្រ្គាមគ្រប់​ពេល​វេលា៕