(បាកដាដ)៖ កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានក្រសោបយកតំបន់សំខាន់ៗចំនួនពីរ​ពីក្រុមឃើដ​ដោយជោគជ័យ ស្ថិតនៅក្នុងខេត្ត ឌីយ៉ាឡា (Diyala) ដែលស្ថិតនៅក្បែរទីក្រុងម៉ូស៊ូល ដែលក្រុមឃើដស្វះស្វែងដណ្តើមបានពីពួក ISIS។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

សម្រាប់តំបន់ដែលត្រូវបាន​ដណ្តើមយកមកគ្រប់គ្រង​ទាំងស្រុងនោះ គឺជាទីតាំង​ដែលស្ថិតនៅ​ក្នុងជម្លោះ​ជាយូរណាស់មក​ហើយ រវាងកងទ័ពឃើដ និងអ៊ីរ៉ាក់។ រដ្ឋមន្ត្រីមួយ​រូបរបស់ក្រុម​ឃើដ គឺលោក ហ្សាប់បារ យ៉ាវ៉ា (Jabbar Yawar) បានប្រាប់បណ្តាញ​ព័ត៌មាន​ខាងលើនេះ យ៉ាងដូច្នេះថា «ប្រតិបត្តិការ​យោធានៅតែបន្ត ជាពិសេសេ​នៅតំបន់ទាំងពីរ​។ មានការ​សម្លាប់​រង្គាលជាច្រើន កើតឡើងនៅ​តំបន់នានានៃខេត្ត ឌីយ៉ាឡា ហើយ​ប្រតិបត្តិផ្សេងៗ​ទៀត​ក៏កំពុង​សំដៅមុខព្រួញ​ មកកាន់តំបន់ទីក្រុងម៉ូស៊ុល​ផងដែរ»

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងក្រុមឃើដ និងរដ្ឋាភិបាលអ៊ីរ៉ាក់ បានកើតមានឡើង​បន្ទាប់ពីក្រុមឃើដ នៅតែបង្ហាញចេតនាចង់ប្រកាសឯករាជ្យ ដោយមិនស្តាប់តាមឱសានវាទ​របស់ទីក្រុងបាកដាដ។ នេះគឺជាក្តីព្រួយបារម្ភតាំងពី​ការដួលរលំភ្លាមៗ​​របស់ពួក ISIS នៅទីក្រុងម៉ូស៊ូល​មកម្ល៉េះ ដោយក្រុមឃើដ​ដែលជាអ្នកមានស្នាដៃ​ក្នុងរឿងនេះ បានបញ្ចេញ​ចេតនារាប់រយឆ្នាំ​របស់ខ្លួន ក្នុងការបង្កើតប្រទេស​ឯករាជ្យមួយ ដោយយក​ទីក្រុងអឺប្រ៊ីល (Erbril) នៅក្នុងទឹកដីអ៊ីរ៉ាក់ ធ្វើជារដ្ឋធានី។

ឆ្លើយតបនឹងការចង់ហែកយកទឹកដីរបស់ខ្លួន រដ្ឋាភិបាលអ៊ីរ៉ាក់​បានព្រមានថា ខ្លួននឹងប្រើប្រាស់​កម្លាំងបាយទប់ទល់ចេតនាចង់​ធ្វើឲ្យមានការបែងចែកទឹកដី ហើយទឹកដីរបស់ឃើដ​បានអះអាង នោះគឺជាទឹកដីរបស់អ៊ីរ៉ាក់ ទោះបីជាជនជាតិឃើដនៅទីនោះ ៩០ភាគរយ បានបោះឆ្នោត​ទាមទារឯករាជ្យ ផ្តាច់ខ្លួនពីអ៊ីរ៉ាក់ក៏ដោយ៕