(អូទ្រីស)៖ លោក Sebastian Kurz ជាអ្នកនយោបាយជនជាតិអូទ្រីសដ៏លេចធ្លោម្នាក់ ដែលបច្ចុប្បន្នទើបតែមានវ័យ៣១ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតចេញជាផ្លូវការ លោកអាចនឹងក្លាយជាអធិការបតីរបស់ប្រទេស អូទ្រីស ព្រមទាំងជាមេដឹកនាំដែលមានវ័យក្មេងជាងគេលើពិភពលោក។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងមេដឹកនាំវ័យក្មេងរូបនេះ៖

* មេដឹកនាំបក្សប្រជាជនអូទ្រីស៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន
* ប្រធានអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប៖ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ដល់បច្ចុប្បន្ន
* រដ្ឋមន្ត្រីការបរទេសអូទ្រីស៖ ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដល់បច្ចុប្បន្ន
* កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៨៦ ក្នុងទីក្រុង Vienna ប្រទេស អូទ្រីស
* បក្សនយោបាយ៖ បក្សប្រជាជនអូទ្រីស
* សិក្សានៅ៖ សកលវិទ្យាល័យ Vienna

១៖ ជីវិតពីកុមារភាព៖

Kurz កើតក្នុងរដ្ឋធានី Vienna ព្រមទាំងត្រូវបានធំចម្រើនវ័យក្នុងទីក្រុង Meidling ដោយ Kurz បន្តរស់នៅទីនោះរហូតមក។ Kurz បានចូលសិក្សានៅសាលា Bundesgymnasium und Bundesrealgymnasium Erlgasse ក្នុងឆ្នាំ១៩៩៦។

យុវជនរូបនេះបានបំពេញកាតព្វកិច្ចយោធាបន្ទាប់ពីប្រឡងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៤។ ក្នុងឆ្នាំ២០១១ បន្ទាប់ពីការសិក្សារយៈពេលប្រាំពីរឆ្នាំ ដោយមិនទទួលបានសញ្ញាបត្រអ្វីទាល់តែសោះនោះ លោកសម្រេចចិត្តព្យួរការសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យ Vienna ព្រមទាំងចាប់យកអាជីពជាអ្នកយោបាយជំនួសវិញ។

២៖ អាជីពជាអ្នកនយោបាយ៖

ក្នុងឆ្នាំ២០០៩ លោក Kurz ត្រូវបានគេជ្រើសរើសធ្វើជាប្រធានសាខាបក្សប្រជាជនអូទ្រីស។ ក្នុងរវាងឆ្នាំ២០១០ និងឆ្នាំ២០១១ លោកបានក្លាយជា សមាជិកក្រុមប្រឹក្សាក្រុង Vienna ដោយពេលនោះលោកបានផ្តោតការងារទៅលើផ្នែកប្រាក់សោធន។ ក្នុងខែមេសា ឆ្នាំ២០១១ លោកទទួលបានដំណែងថ្មី ជារដ្ឋលេខាធិការទទួលបន្ទុកផ្នែកសមាហរណកម្ម(ជាផ្នែកមួយនៃក្រសួងមហាផ្ទៃ)។ បន្ទាប់មកក្នុងការបោះឆ្នោតឆ្នាំ២០១៣ លោក Kurz ត្រូវបានជ្រើសតាំងជា សមាជិករដ្ឋសភា ដោយទទួលបានសម្លេងគាំទ្រជាងសមាជិកសភាផ្សេងៗទៀត។

៣៖ ដំណែងជារដ្ឋមន្ត្រីការបរទេសអូទ្រីស( ឆ្នាំ២០១៣ដល់បច្ចុប្បន្ន)៖

នៅខែធ្នូ ឆ្នាំ២០១៣ លោក Kurz បានក្លាយជារដ្ឋមន្ត្រីកាបរទេសរបស់ប្រទេស អូទ្រីស ដែលដំណែងនេះ ត្រូវបានសមាហរណកម្មជាមួយនឹងផ្នែកសង្គមផងដែរ ដើម្បីតបតាមសំណើររបស់លោក។ ក្នុងពេលស្បថឡើងកាន់ដំណែង លោក Kurz បានក្លាយជារដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេចាប់តាំងពី ការបង្កើតរដ្ឋសាធារណរដ្ឋអូទ្រីសនេះឡើង ព្រមទាំងជាប់ឈ្មោះជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក។
ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសដំបូង លោក Kurz ធ្វើដំណើរទៅកាន់ប្រទេស ក្រូអាត ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់អូទ្រីស ដើម្បីឱ្យបណ្តានៅអឺរ៉ុបខាងត្បូង បន្តជាសមាជិករបស់សភាពអឺរ៉ុប។

ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ លោកបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចការចរចាដ៏សំខាន់ជាលើកដំបូង គឺពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់ក្នុងទីក្រុង Vienna ដែលកិច្ចចរចានេះ ជាការជួយពង្រឹងតួនាទីរបស់ប្រទេស អូទ្រីស កាន់តែខ្លាំងមួយកម្រិតទៀត។ កិច្ចចរចានេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ព្រមទាំងឈានដល់ សេចក្តីសម្រេចជាលើកចុងក្រោយក្នុងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីការដាក់ចេញនូវគម្រោងសកម្មភាពរួមគ្នា ដែលត្រូវបានចុះហត្ថលេខាដោយប្រទេស អ៊ីរ៉ង់ រួមជាមួយសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិបូកទាំងប្រទេស អាឡឺម៉ង់ និងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបផងដែរ។
ក្នុងអំឡុងនៃការកាន់ដំណែងនេះក្នុងឆ្នាំដំបូង រដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានធ្វើជាប្រធានគណកម្មាធិការរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអឺរ៉ុប រហូតដល់ខែឧសភា ឆ្នាំ២០១៤។

៤៖ ប្រធានបក្សប្រជាជនអូទ្រីស ឆ្នាំ២០១៧

លោក Kurz ត្រូវបានតែងតាំងជាប្រធានគណបក្ស បន្ទាប់ពីអតីតប្រធាន Reinhold Mitterlehner បានលាលែងពីដំណែងកាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ លោកបានជាប់ឆ្នោតជាប្រធានបក្ស ដោយសម្លេងគាំទ្ររហូតដល់ ៩៨.៧ភាគរយ។ មិនតែប៉ុណ្ណោះក៏មានការសម្រេចផ្លាស់ប្តូរ រចនាសម្ព័ន្ធក្នុងបក្ស ដោយផ្តល់អំណាចកាន់តែច្រើនទៅក្នុងដៃមេដឹកនាំបក្ស ក្នុងនោះរួមទាំងអំណាចក្នុងការរៀបចំគោលនយោបាយ អំណាចក្នុងការតែងតាំងរដ្ឋមន្ត្រីបក្ស និងអំណាចក្នុងការតែងតាំងបេក្ខជនដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតផងដែរ។

សូមជម្រាបថា មេដឹកនាំបក្សប្រជាជនអូទ្រីស បានប្រកាសពីជ័យជម្នះក្នុងបោះឆ្នោតសកល ដែលជ័យជម្នះនេះនឹងធ្វើឱ្យលោក្លាយជាថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលក្មេងជាងគេលើពិភពលោក។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រកាសពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន បន្ទាប់ពីការព្យាករណ៍បានបង្ហាញថា បក្សរបស់លោកបាននាំមុខគេដោយសម្លេងគាំទ្រភាគច្រើន៕

បកប្រែនិងសម្រួលដោយ៖ អ៊ឹត ចណ្ណា