(បាងកក)៖ ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នាថ្ងៃពុធ​សប្តាហ៍នេះ បានយាងចូលរួម​ព្រះរាជពិធី​បិទបញ្ចប់ ការសាងសង់​​ទីកន្លែងថ្វាយ​ព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដែលនឹងត្រូវប្រើប្រាស់​នៅក្នុង ព្រះរាជពិធីបុណ្យ​សពរបស់​ព្រះបិតាទ្រង់ គឺអតីតព្រះមហា​ក្សត្រ​ថៃព្រះបាទ ភូមិបុល អាឌុលយ៉ាងដេត នាថ្ងៃទី២៦ ខែតុលា សប្តាហ៍​ក្រោយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ​ទីភ្នាក់​ងារ​​ព័ត៌​មាន Reuters នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។​​

អ្នកកាន់ទុក្ខរាប់ម៉ឺននាក់ ត្រូវគេរំពឹងថានឹងមកស្នាក់នៅក្បែរព្រះបរមរាជវាំងថៃ ដើម្បីចាំតាមដានព្រះរាជពីធីបុណ្យជាប្រវត្តិសាស្រ្តមាន​រយៈ​ពេល០៥ថ្ងៃនេះ (ពីថ្ងៃទី២៥ ដល់២៩ ខែតុលា) ដែលវាគឺជាឱកាសនៃការនិយាយលាចុងក្រោយ ទៅកាន់ព្រះអង្គ ភូមិបុល អាឌុល​យ៉ា​ដេត ជាទីគោរពស្រឡាញ់​របស់​ប្រជាជនថៃ និងជាក្សត្រដែល​បានគ្រប់គ្រងប្រទេស​ថៃ ចាប់តាំងតែពីឆ្នាំ១៩៤៦ រហូត​ដល់​​​ថ្ងៃ​​ទ្រង់​​សោយ​ទិវង្គត កាលពី​ថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០១៦ នៅឯមន្ទីរពេទ្យ​ក្នុងរាជធានី​បាងកក។

រដ្ឋមន្រ្តីការបរទេស​ថៃលោក ដុន ប្រាមុដវីណៃ (Don Pramudwinai) បានថ្លែងឲ្យដឹងថា ឥស្សរជនមកពីបរទេសយ៉ាង​តិច ៣០រូប នឹងអញ្ជើញ​មក​ចូលរួម ​ពិធីថ្វាយ​ព្រះភ្លើង​ដល់ព្រះសព​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ហើយចំនួននេះ​អាចនឹងកើនឡើង​ថែមទៀត។ ឥស្សរជន​ដែល​បញ្ជាក់​ពីវត្តមាននៅក្នុង​ព្រះរាជពិធីនេះ ​រួមមាន ព្រះចៅប៊ូតាន ជីកមេ ខេសារ វ៉ាងឆាក់ (Jigme Khesar Namgyel Wangchuck), ព្រះម្ចាស់ក្សត្រីយ៍ហូឡង់ ម៉ាកស៊ីម៉ា (Maxima), ព្រះ​ម្ចាស់​ក្សត្រីយ៍ប៊ែលហ្សិក ម៉ាធីលដេ (Mathilde)​​, រាជទាយាទ​ន័រវែស​ព្រះអង្គម្ចាស់ ហាអាខុន (Haakon), ព្រះបុត្រាជប៉ុន ព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino), អគ្គទេសាភិបាល​អូស្រ្តាលីលោក ភីធឺ ខូសហ្គ្រូវ (Peter Cosgrove), និងប្រធានាធិបតីសិង្ហបុរីលោក ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob)។

គួរបញ្ជាក់ថា មនុស្សប្រមាណ ១២លាននាក់ ដែលជិតស្មើនឹង ០១ភាគ០៦ នៃប្រជាជនថៃ​សរុប បានចូលសម្តែង​​ការគោរព​របស់ពួកគេ​ ដល់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅឯព្រះបរមរាជវាំង​ទីក្រុងបាងកក (Grand Palace) ជាទីដែល​ព្រះសព​របស់ទ្រង់ កំពុង​តម្កល់នៅ។ ដោយឡែក​នៅថ្ងៃទី២៦ ខែតុលា​ខាងមុខនេះ ដែលត្រូវបានថៃ​ប្រកាសជាថ្ងៃ​បុណ្យជាតិ​ឈប់សម្រាកនោះ នឹងជា​ពេល​វេលាបញ្ចប់​នៃការកាន់ទុក្ខ​រយៈពេលមួយឆ្នាំ​កន្លងមក៕