(ម៉ូស្គូ)៖ ក្រុមអ្នកជំនាញ​ភូមិសាស្ត្រ និងសណ្ឋានដីបាននិយាយថា តំបន់សាកល្បង​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង Punggye-ri អាចនឹងខូច​ទ្រង់ទ្រាយ ឬបាក់ស្រុត ដោយសារតែ​ការធ្វើតេស្ដ​នុយក្លេអ៊ែរ ជាបន្តបន្ទាប់​មាន​កម្លាំងផ្ទុះ និងកម្រិតរញ្ជូយដី​កាន់តែខ្លាំងៗ​ឡើង ជាពិសេស​គឺបន្ទាប់ពីការធ្វើ​តេស្ដ​នុយក្លេអ៊ែរទាំង ០៦លើក ក្នុងរយៈពេល ១១ឆ្នាំមកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

តំបន់ធ្វើតេស្ដនុយក្លេអ៊ែរ Punggye-ri ត្រូវបានគេ​ស្គាល់ថា ជាកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ​ដ៏សំខាន់បំផុត​របស់​កូរ៉េខាងជើង និងមានទីតាំងស្ថិត​នៅក្រោម​រូងភ្នំ Mantap។ តំបន់ធ្វើ​តេស្ដនេះ កាន់តែធ្វើឱ្យគេ​ចាប់អារម្មណ៍​កាន់តែខ្លាំង កាលពី​ថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ ក្រោយកូរ៉េខាងជើង​បំផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរ​-អ៊ីដ្រូសែន ដែលមានកម្លាំងផ្ទុះ ២៥០គីឡូតោន ឬខ្លាំងជាង ១៦ដង ទៅ ១៧ដង នៃគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក​ទម្លាក់លើទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន​កាលពី​ឆ្នាំ១៩៤៥។

មិនតែ​ប៉ុណ្ណោះ​ការធ្វើតេស្ដនេះ ក៏បានបង្ក​ជាគ្រោះរញ្ជួយដី​មានកម្លាំង ៦.១​រ៉ិចទ័រ ហើយតាមរយៈ​កម្លាំងផ្ទុះ និងកំរិតរញ្ជួយ​នេះឯង ទើបក្រុមអ្នក​ជំនាញភូមិសាស្ត្រ​យល់ថា តំបន់ធ្វើតេស្ដ​នុយក្លេអ៊ែរនេះ អាចនឹងលែង​មានស្ថេរភាព និងមិនអាចបន្ត​ដំណើរសម្រាប់ ការធ្វើតេស្ដបានទៀតឡើយ ព្រោះនៅពេល​បំផ្ទុះអាវុធនុយក្លេអ៊ែរម្ដងៗ​ បានធ្វើឱ្យខូចទ្រង់ទ្រាយរូងភ្នំ​ក៏ដូចជាធ្វើឱ្យតំបន់​នេះប្រែប្រួល។

គួរបញ្ជាក់ថា ការសន្និដ្ឋាន​ខាងលើរបស់ក្រុម​អ្នកជំនាញកើតមានឡើង​ក្រោយកូរ៉េខាងជើង​បានបង្ហាញពីបំណង​ ចង់បំផ្ទុះគ្រាប់បែក​អ៊ីដ្រូសែន​នៅក្នុងបរិយាកាស នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕