(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី្លលឺសុន បាននិយាយថា សហរដ្ឋអាមេរិក​ចង់មានទំនាក់ទំនង​ឱ្យកាន់តែស៊ីជម្រៅ​ជាមួយឥណ្ឌា ប្រឈមមុខនឹង​ការកើនឡើង​ឥទ្ធិពល​របស់ចិន​ នៅក្នុងតំបន់។ លោកចាត់​ទុកថា ឥណ្ឌាគឺជាដៃគូ​យុទ្ធសាស្ត្រ ហើយថា​ទីក្រុង​វ៉ា​ស៊ីនតោន មិនដែល​មានទំនាក់ទំនង​បែបនេះ​ជាមួយនឹងចិន ដែលមិនមែន​ជាសង្គម​ប្រជាធិបតេយ្យ ម្ដងណា​ឡើយ ខណៈជួនកាល​ទីក្រុងប៉េកាំង បានធ្វើសកម្មភាព​ក្រៅអនុសញ្ញា​អន្តរជាតិ ជាឧទាហរណ៍​ដូចជាជម្លោះ​ នៅសមុទ្រចិនខាងត្បូង​ជាដើម។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក ធីលឺ្លសុន ធ្វើឡើងនៅ​មុនពេលលោកផ្ទាល់ ត្រូវបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​ឥណ្ឌា នៅសប្ដាហ៍​ក្រោយ រីឯលោក ដូណាល់ ត្រាំ​ នឹងត្រូវបំពេញ​ដំណើរទស្សនកិច្ច​​មកកាន់តំបន់អាស៊ី ក្នុងនោះរួមមាន​ទាំងចិន នៅខែវិច្ឆិកា​ខាងមុខនេះ។ ជាងនេះ​ទៅទៀត ការអត្ថា​ធិប្បាយនេះ ក៏បានកើត​ឡើងផងដែរ តែប៉ុណ្ណោះម៉ោង​ប៉ុណ្ណោះបន្ទាប់ពី​ប្រធានាធិបតីចិន លោក​ ស៊ី ជិនពីង ប្រាប់​សមាជបក្ស​កុម្មុយនីស្ដ​ចិនថា បច្ចុប្បន្នចិន​បានក្លាយជា​មហាអំណាច​ដ៏ធំមួយ ​នៅលើ​ពិភពលោក ហើយការរីកចំរើន​របស់ចិននឹងផ្ដល់​ជម្រើសថ្មីមួយ ដល់បណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍។

ថ្លែងនៅឯមជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និងការសិក្សា​អន្តរជាតិ ក្នុងទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃពុធ​ លោករដ្ឋមន្ត្រីការបរទេស​អាមេរិក បានបញ្ជាក់ដូច្នេះថា «​សហរដ្ឋអាមេរិក​កំពុងស្វែង​រក​ការបង្កើតទំនាក់ទំនង​ ប្រកបដោយ​លក្ខណៈស្ថាបនា​ជាមួយចិន ក៏ប៉ុន្តែ​នេះមិនមែន​មានន័យថា យើងនឹងដក​ខ្លួនចេញ​ពីបញ្ហាប្រឈម ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់ អន្តរជាតិ ស្របពេល​ដែលទីក្រុងប៉េកាំងកំពុងធ្វើឱ្យប៉ះពាល់​ដល់ អធិបតេយ្យភាព​របស់បណ្ដា​ប្រទេស​ជិតខាង ក៏ដូចជាបំផ្លាញ​ដល់ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់​យើងនោះទេ»

គួរបញ្ជាក់ថា ប្រឈមមុខនឹង​ការកើនឡើង​នៃឥទ្ធិពលចិន​នៅក្នុងតំបន់ លោក ធីល្លឺសុន បានអំពាវនាវ​ឱ្យឥណ្ឌា​ដើរតួនាទីកាន់តែធំ​នៅក្នុងតំបន់ ដោយ​អះអាងទៀតថា ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ញូដេលី គួរតែបង្កើត​ទំនាក់ទំនង​ឱ្យកាន់តែស៊ីជម្រៅ​ សំដៅការពារ​អធិបតេយ្យភាព និងផលប្រយោជន៍​នៃប្រទេស​ទាំងពីរ៕