(ឡាហ៉ាវាន់)៖ គ្រោះរញ្ជួយដី​កម្រិតធ្ងន់ ៧.០រ៉ិចទ័រ (ពីដំបូង ៧.៣រ៉ិចទ័រ) ដែលបានវាយប្រហារ​ភាគខាងកើត​កោះ New Caledonia របស់បារាំង និងបានបណ្តាល​ឲ្យមានសារព្រមាន​ អំពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យ​ជម្លៀសខ្លួន​មនុស្ស​មួយ​​​រយៈ​ពេល​​ខ្លី​នោះ ពុំបានបណ្តាល​ឲ្យមានការ​បំផ្លិចបំផ្លាញ ឬជនរងគ្រោះ​ឡើយ។ នេះបើតាមសម្តីអាជ្ញាធរ​ក្នុងតំបន់ ដកស្រង់ដោយ​សារព័ត៌មាន The Hindu Bussiness Line នៅ​រសៀល​ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព្រឹកមិញនេះ ទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS បាន​រាយការណ៍ថា ចំណុចរញ័រ​នៃគ្រោះរញ្ជួយ​ផែនដី បានវាយលុក​​​នៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីប្រជុំកោះ Loyalty ដែលមានចំនួន​ប្រជាជនរស់​នៅតិចតួច។ ភ្លាមៗនោះដែរ មជ្ឈមណ្ឌល​ឃ្លាំ​មើល​រលកយក្សស៊ូណាមិ​ប្រចាំ​តំបន់ប៉ាស៊ីហ្វិក បានសារព្រមានជាបន្ទាន់ថា តំបន់នានា ស្ថិតក្នុងរង្វង់ ៣០០គីឡូម៉ែត្រ ជុំវិញ​ចំណុចរំញ័រ​ អាចនឹង​​ទទួលរងការវាយប្រហារ​ពីរលក​យក្សនេះ រួមមានទាំង​ប្រទេសដីកោះ Vanuatu និងតំបន់​រដ្ឋបាល New Caledonia របស់​បារាំង​ ​ដែលមានទីក្រុងឈ្មោះ Noumea ស្ថិតនៅក្នុង​ចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដី។

ទីភ្នាក់ងារខាង​លើបានបញ្ជាក់ថា រលកស៊ូណាមិ​មួយចំនួន ត្រូវបានឃ្លាំមើល ប៉ុន្តែមិនបាន​ប្រាប់ពីទីតាំង ឬក៏ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទៀតឡើយ។ នៅពេល​កើតហេតុ សំឡេង​ស៊ឺរ៉ែន ត្រូវបាន​បន្លឺឡើង​ក្នុងមួយរយៈពេលខ្លី នៅតាមតំបន់​ឆ្នេរនៃ​ប្រជុំកោះ Loyalty ដែលជាផ្នែក​នៃតំបន់ New Caledonia ដោយមនុស្ស​មួយចំនួន​នៅទីនោះ ត្រូវបានប្រាប់​ឲ្យជម្លៀស​ខ្លួន។

យ៉ាងណាមិញ ​ប្រហែលមួយម៉ោង​ក្រោយមក ពួកគេទាំងនោះ​ត្រូវបានណែនាំឲ្យ​វិលទៅរកសភាព​ធម្មតាវិញ ប៉ុន្តែត្រូវនៅបន្តមាន​ការប្រុងប្រយ័ត្ន​​ដដែល។ ម៉្យាងវិញ​ទៀត អាជ្ញាធរ​ក្នុងតំបន់​បានឲ្យដឹងថា ពុំមានសេចក្តីរាយការណ៍​ពីការ​បំផ្លិចបំផ្លាញ ឬមនុស្សរង​គ្រោះ​ឡើយ។​​​​

គួរជម្រាបថា តំបន់ New Caledonia ដែលជាដែនដី​នៅឯនាយសមុទ្រ​របស់ប្រទេស​បារាំងនោះ ស្ថិតនៅចំពីលើ​តំបន់​ខ្សែក្រវាត់​ភ្នំ​ភ្លើង គេហៅថា «Ring of Fire» ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលជាតំបន់​ងាយនឹងទទួល​រងគ្រោះ ពីហេតុការណ៍រញ្ជួយ​ដី និងបន្ទុះ​ភ្នំភ្លើងជា​ញឹកញាប់៕