(ហាណូយ)៖ អាជ្ញាធរ​វៀតណាម នៅតំបន់ភាគ​កណ្ដាលប្រទេស កំពុងត្រៀមខ្លួន​ជម្លៀសប្រជាជន ក៏ដូចជាទប់ទល់​នឹងគ្រោះ​ទឹកជំនន់ និងគ្រោះរអិលបាក់ដី​ ដែលបង្កឡើងដោយ​ព្យុះត្រូពិច និងចរន្តត្រជាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះ​មហន្តរាយ​វៀតណាម អាជ្ញាធរនៅ​តាមខេត្តភាគ​កណ្ដាល បានត្រៀមខ្លួនរួច​ជាស្រេច​ក្នុងការជម្លៀស​ប្រជាជន នៅក្នុងតំបន់​ងាយរងគ្រោះ​ដោយសារទឹក​ជំនន់ និងគ្រោះ​រអិល​បាក់ដី ខណៈអាងស្ដុកទឹក​រួមទាំងប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ២១ ក្នុងចំណោម​អាងស្ដុកទឹក​ចំនួន ២,៤២១ទីតាំង ស្ថិតនៅតំបន់ភាគកណ្ដាល​ កំពុងបញ្ចេញទឹកមក​ក្រៅជា​បណ្ដើរៗ។ ជាងនេះ​ទៅទៀត អាជា្ញធរ​វៀតណាមក៏បាន​ឱ្យដឹងដែរថា ភ្លៀងខ្លាំង​នារយៈពេលពីរ​ថ្ងៃមកនេះ បានបំផ្លាញ​ផ្ទះ ០៥ខ្នង និង២០៣ខ្នងរងការខូចខាត ដើមឈើ ៥១៩ដើមដួលរលំ និង​ដីដំាដុះ ១០០ហិកតាត្រូវបំផ្លាញ​នៅតំបន់ភាគ​កណ្ដាល​នៃប្រទេស។

គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិរួមមាន ទឹកជំនន់​និងគ្រោះរអិលបាក់ដី ក្នុងរយៈពេល ១០ខែដំបូងនៅ​ឆ្នាំ២០១៧នេះ បានសម្លាប់ ឬធ្វើខ្លួន​មនុស្សបាត់ខ្លួន ២៤៥នាក់ ព្រមទាំង​បំផ្លាញផ្ទះ៤,៦០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនទៀត គិត​ជាទឹកប្រាក់ ១.៦ពាន់​លានដុល្លារ។ នេះបើតាមរបាយការណ៍ ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕