(ប៉េកាំង)៖ ឈ្មួយជួញដូរ​គ្រឿងញៀន ០២នាក់ ត្រូវបានផ្តន្ទាទោស​ប្រហារជីវិត ជាមួយ​និងការព្យួរទោស​រយៈពេល ០២ឆ្នាំ​ ដោយ​តុលាការ​ក្រុង Mianyang នៃខេត្ត Sichuan ភាគនិរតី​ប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

សាលក្រមកាត់​ទោសខាងលើ ត្រូវបានប្រកាស​នាថ្ងៃចន្ទនេះ ដោយតុលាការ​ប្រជាជនកម្រិត​មធ្យម នៃទីក្រុង Mianyang។ បើតាម​​សម្តីរបស់មន្ត្រីប៉ូលិសខេត្ត Sichuan រឿងក្តីផលិត និងជួញដូរគ្រឿង​ញៀននេះ ដែលមាន​ជាប់ពាក់ព័ន្ធជា​មួយមនុស្ស​សរុបចំនួន ៨២នាក់ គឺជា​​ករណីគ្រឿងញៀន​ធំបំផុត​ពុំធ្លាប់មានឡើង នៅក្នុងខេត្ត​ភាគនិរតីនេះឡើយ។

ក្រោយចំណាយ​ពេលធ្វើការស៊ើប​អង្កេត​អស់ ០៤ខែ កងកម្លាំងសមត្ថកិច្ច​ចិន​បានសម្រុក​ចូលទៅក្នុង​សំបុករបស់​ក្រុមឧក្រិដ្ឋជន​គ្រឿង​ញៀននេះ ដែលស្ថិត​ក្នុងក្រុង Mianyang កាលពី​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។ នាពេលនេះ ថ្នាំញៀន​មេតាំហ្វេតាមីន​ទម្ងន់​ពីរ​​គី​ឡូ​​ក្រាម, មេតាំហ្វេតាមីន​ជិតផលិត​រួចរាល់​ទម្ងន់ ៣.២គីឡូម៉ែត្រ, និងថ្នាំ Magu ដែលផ្សំ​ឡើងពីមេតាំហ្វេតាមីន​ និងកាហ្វេអ៊ីន​ចំនួន​ ២,០០០គ្រាប់ ត្រូវបានរឹបអូស។ ជាមួយគ្នានេះ យានជំនិះ ០៥គ្រឿង ក៏ត្រូវបានរឹបអូសដូចគ្នា​ផងដែរ រួមជាមួយ​និងលុយ​ជាង ​​​១.៣​លាន​យ័ន ស្មើនឹង ១៩៥,០០០ដុល្លារអាមេរិក ត្រូវបានបង្កក។

គួរជម្រាប​បន្ថែមថា ជុំវិញរឿងក្តីនេះ​បុគ្គល ០២នាក់ ផ្សេងទៀត​មកពីក្រុម​ជាមួយគ្នា ត្រូវបានផ្តន្ទាទោស​អស់មួយជីវិត ដោយម្នាក់​​ត្រូវ​​ជាប់​​ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ និងម្នាក់​ទៀត ០១ឆ្នាំ នៅក្នុងពន្ធនាគារ។ ដោយឡែក​អ្នកដទៃទៀត​ក្នុងក្រុមឧក្រិដ្ឋជន​នេះ ត្រូវ​បានពិន័យ​ដោយការឃុំឃាំង​ ឬក៏បញ្ជូនទៅកាន់​កន្លែងស្តារនីតិ​សម្បទា៕