(ស៊ីដនី)៖ អូស្រ្តាលីបាន​អំពាវនាវឲ្យ​សហរដ្ឋអាមេរិក ខិតខំកសាងវត្ត​មានរបស់ខ្លួនឲ្យ​បានខ្លាំង នៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់​ទំនង​ជា​ដៃ​គូ​ ដែលមានចិត្តគំនិតដូចគ្នា ហើយទន្ទឹមនឹងនេះ​ទីក្រុងកង់បេរ៉ា បានព្រមាន​ពីការកើនឡើង​ឥទ្ធិពលរបស់​មហាយក្សនៅ​ក្នុងតំបន់នេះ​ផ្ទាល់ គឺប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

របាយការណ៍​រដ្ឋាភិបាលមួយ​ច្បាប់ ស្តីពីគោលនយោបាយ​ការបរទេស​អូស្រ្តាលី បានលើក​ឡើងថា «សហរដ្ឋអាមេរិក ដែលមាន​ភាព​ព្រងើយកន្តើយ ក៏ដូចជាអសកម្ម នឹងជះផលប៉ះពាល់​មិនល្អ ដល់សណ្តាប់ធ្នាប់​ពិភពលោក។ អូស្រ្តាលី​ជឿជាក់ថា បញ្ហា​ប្រឈម​អន្តរជាតិ អាចដោះស្រាយ​ប្រកបដោយប្រសិទ្ធភាព​បាន លុះត្រាតែ​នៅពេលមហា​អំណាច​ពិភពលោក ដ៏ជឿនលឿន ពោពេញ​ដោយ​អានុភាព និងមាន​ជាងគេ ចូលរួមក្នុងការ​ទប់ទល់​ដោះស្រាយពួកវា​»។

គួរជម្រាបថា អូស្រ្តាលី គឺជាសម្ព័ន្ធមិត្ត​ដ៏ឥតងាករេមួយ​របស់​សហរដ្ឋអាមេរិក ហើយកងទ័ព​នៃប្រទេស​ទាំងពីរ ធ្លាប់បាន​​ប្រកៀក​ស្មា​​គ្នា​ នៅក្នុងសមរភូមិ​ប្រយុទ្ធធំៗ​នានា អស់ជាច្រើន​ជំនាន់មកហើយ។ បើតាមរបាយការណ៍​ខាងលើ កំណើនសេដ្ឋកិច្ច និង​រិទ្ធិ​អំណាច ដែល​អាមេរិក​​​ធ្លាប់តែសប្បាយរីករាយ​នឹងទទួលបាន ចាប់តាំងពីក្រោយ​សង្រ្គាមលោកលើកទី០​២នោះ បច្ចុប្បន្ន​កំពុង​មាន​ចិនជាគូប្រជែងធំ​៕