(វ៉ាស៊ីនតោន)៖ កាលពីជាង​មួយខែមុន ក្រុមតារាវិទូនៅអាមេរិកបាន​ប្រទះឃើញ​អាចម៍​ផ្កាយ​មួយដុំ​ដែលគេអះអាង​ថា មានប្រភពមកពីប្រព័ន្ធ​ព្រះអាទិត្យផ្សេង ហើយវាពិតជារឿង​ដ៏រំភើប និងកម្រខ្លាំង​ណាស់ ក្នុងការមានឱកាស​បានឃើញដំណើរ​មកដល់ នៃវត្ថុអវកាស​ដ៏អស្ចារ្យនោះ។ នេះបើតាម​ការចែញផ្សាយ​ដោយ វែបសាយ Scientific American នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាចម៍ផ្កាយដែល​មានឈ្មោះថា Pan-STARRS1 ត្រូវបានអង្កេត​ដោយកែវយឺត​យក្ស មានមូលដ្ឋាន​នៅលើ​ កោះហាវ៉ៃ សហរដ្ឋអាមេរិក កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយវាត្រូវ​បានគេអង្កេត​ដំបូងតាំងពី​ថ្ងៃទី១៩ ខែតុលា មកម្ល៉េះ។ អ្វីដែល​ពិសេស​ជាងនេះ​ទៅ​ទៀតនោះ គឺក្រុមជំនាញបានគូសវាស​រូបរាងអាចម៍ផ្កាយ​ក្រៅប្រព័ន្ធ​នេះឡើង ដោយមើល​ទៅពិតគួរឲ្យភ្ញាក់​ផ្អើលបំផុត។

សម្រាប់រូបរាង​ដែលត្រូវបានគូស​វាសចេញមក តាមទិន្នន័យពី​តេឡេស្កូបនោះ គឺជាដុំថ្មអវកាស​ដែលមានប្រវែង​ជិតកន្លះគីឡូម៉ែត្រ (ជាង ៤០០ម៉ែត្រ) រាងទ្រវែងតែម្តង ដែលវាប្រៀបបី​ដូច​ជា​យានអវកាស ដ៏ធំមួយដែលធ្វើ​ដំណើរពី​ភពផ្សេង តាមការ​ស្រមើស្រមៃ​ដូច្នោះឯង។ ការមក​ដល់នៃ Pan-STARRS1 គឺជាពន្លឺថ្មី​មួយទៀត សម្រាប់ក្រុម​តារាវិទូ​ធ្វើការសិក្សាពីអ្វីៗ​ដែលមាននៅ​ក្នុងកាឡាក់ស៊ីនេះ។

កាលពីខែតុលា របកគំហើញ​ដ៏​អស្ចារ្យ​នេះ បាន​ជំរុញ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រញាប់ប្រញាល់ បង្វែរ​តេ​ឡេ​ស្កូ​ប​របស់​ពួកគេ សំដៅ​ទៅរក​វត្ថុ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​នេះភ្លាមៗ ដើម្បី​ព្យាយាម​សិក្សា​ស្វែងយល់​ពី​វា​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន មុន​ពេលដែល​អាចម៍ផ្កាយ​នេះ ហោះ​រសាត់​ចេញទៅ​បាត់​ពី​កន្ទុយភ្នែក​វិញ។

គួរ​បញ្ជាក់ថា វត្ថុ​អា​ថ៍កំ​បាំង​ខាងលើ​មាន​ទំហំ​តូច ពោលគឺ​មានមុខ​កាត់​មិន​ដល់​កន្លះ​គីឡូម៉ែត្រ​ឡើយ ហើយ​ទំនង​ជាមាន​ប្រភព​មកពី​បណ្តុំ​ផ្កាយ Lyra និង​ធ្វើដំណើរ​ក្នុង​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។ វា​ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី១៩ ខែតុលា​នេះ ដោយ​កែវ​យឺត Pan-STARRS 1 នៅ​រដ្ឋ​ហា​វ៉ៃ ស្របពេល​កំពុង​តាម​ស្វែងរក​ដុំថ្ម​អវកាស ដែលនៅក្បែរៗផែនដី។

ដោយឡែក អាចម៍ផ្កាយ​នេះ កំពុង​បន្តដំណើរ​ចាកចេញ​ទៅវិញ​ក្នុង​ល្បឿន​យ៉ាង​ល្បឿន សំដៅ​ទៅកាន់​បណ្តុំ​ផ្កាយ Pegasus ហើយ​វា​ប្រាកដជា​ទស្សនកិច្ច​ដ៏​កម្រ​បំផុត និង​មិនដឹងថា ថ្ងៃ​ណា​អាច​កើតមាន​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នេះ ម្តងទៀត​នោះឡើយ៕