(ហ្ស៊ីមបាវេ)៖ អតីតប្រធានាធិបតី​ហ្ស៊ីមបាវេ លោក Robert Mugabe ទទួលបានអភ័យ​ឯកសិទ្ធិពិសេស​មួយពី​ក្រុមរដ្ឋអាជ្ញា និងត្រូវបានធានា​ការពារសុវត្ថិភាព ហើយដែលនេះ​គឺជា ផ្នែកមួយនៃកិច្ច​ព្រមព្រៀង ជំរុញឱ្យលោក​សម្រេចចិត្តលាលែង​ពីមុខ​តំណែង។ នេះបើតាម​ប្រភពស្និទ្ធនឹងកិច្ចចរចា​ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Robert Mugabe បានដឹកនាំ​ប្រទេស​ហ្ស៊ីមបាវេ បន្ទាប់ពីប្រជាជាតិ​អាហ្រ្វិកមួយនេះ ទទួលបានឯករាជ្យ​កាលពីឆ្នាំ១៩៨០។ ប៉ុន្តែ លោកបាន​សម្រេចចិត្ត​លាលែងពី​តំណែង កាលពីថ្ងៃអង្គារ​កន្លងទៅ ក្រោយយោធា​ដណ្ដើមអំណាច​ពីរូបលោក ខណៈគណបក្ស​កាន់អំណាច​របស់លោកផ្ទាល់ ក៏បានទាមទារ​ឱ្យលោកចុះចេញពី​អំណាចផងដែរ។

ដោយឡែក ជុំវិញការ​លាលែងនេះដែរ ប្រភពស្និទ្ធនឹងកិច្ចចរចា​បានឱ្យដឹងថា លោក Mugabe មានអាយុ ៩៣ឆ្នាំ បានប្រាប់ក្រុមអ្នកចរចាថា លោកចង់ស្លាប់​នៅក្នុងប្រទេស​ហ្ស៊ីមបាវេ និងគ្មាន បំណងរស់នៅ​ជ្រកកោននៅ​ឯបរទេសនោះទេ។ ដូច្នេះទើប​លោកចង់បាន ការធានា​ការពារ​សុវត្ថិភាព​នៅក្នុងប្រទេស... តែទោះជា​បែបនេះក្ដី វាមិនមែន​មានន័យថា លោកត្រូវបាន​ហាមឃាត់ក្នុង​ការធ្វើដំណើរ​ទៅក្រៅប្រទេស នៅពេល​លោកចង់បាន​នោះឡើយ។

គួរបញ្ជាក់ថា បើតាមប្រធាន​សភាហ្ស៊ីមបាវេ លោក Emmerson Mnangagwa ជាអតីតអនុប្រធានាធិបតី​ដែលត្រូវបាន​លោក Robert Mugabe ដកចេញពី​តំណែង នឹងស្បថចូល​កាន់ជាប្រធានាធិបតី​ នៅថ្ងៃសុក្រសប្ដាហ៍នេះ៕