(ប៉េកាំង)៖ ​រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញជំហរគ្មានថ្ងៃងាករេរបស់ខ្លួន នោះគឺការ ជំទាស់យ៉ាងដាច់ខាត រាល់សកម្មភាព​ទាមទារឯករាជ្យ​របស់កោះតៃវ៉ាន់ លើគ្រប់ទម្រង់​ទាំងអស់ ក្នុងនោះរួមមាន​ទាំង ការបោះឆ្នោត​ធ្វើប្រជាមតិផងដែរ។ នេះបើតាមអ្នកនាំ​ពាក្យការិយាល័យ​ចិន ទទួលបន្ទុក​កិច្ចការកោះតៃវ៉ាន់ លោក An Fengshan ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

លោក An Fengshan ថ្លែងបែបនេះ​នៅក្នុងសន្និសីទ​សារព័ត៌មាន ឆ្លើយតបទៅនឹង​សំណួរនានា ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោតប្រជាមតិ ដែលត្រូវអនុម័ត​ដោយ សភាកោះតៃវ៉ាន់។  លោក An បានលើក​ឡើងយ៉ាងដូច្នេះថា «យើង​ជំទាស់ជាដាច់ខាត​ រាល់គំនិត និងសកម្មភាព​ទាមទារ​ឯករាជ្យ ក្រោមគ្រប់​រូបភាព និងគ្រប់ទម្រង់​ទាំងអស់ ហើយជនរួមជាតិ​ទាំងពីរ ត្រូវតែប្រឆាំងនឹង​កងកម្លាំងផ្ដាច់ខ្លួន​ ទាមទារឯករាជ្យ​របស់​កោះតៃវ៉ាន់»។     

គួរបញ្ជាក់ថា នៅថ្ងៃពុធ​នេះ លោក​ An Fengshan ក៏បានបញ្ជាក់​ឡើងវិញ​ដែរថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ជំទាស់ជាដាច់ខាត​ទៅនឹងរាល់កិច្ចព្រមព្រៀង​យោធារវាង សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយការលើកឡើងនេះ​ទៀតសោត​ ធ្វើឡើង​បន្ទាប់ពីមន្ត្រីការទូត​ជាន់ខ្ពស់ចិន​ម្នាក់ បានព្រមានថា នឹងអាចកើតមានការប្រើប្រាស់​កម្លាំងយោធាលើកោះ​តៃវ៉ាន់ បើសិនជា​កងនាវាចម្បាំង​អាមេរិក ត្រូវបានបញ្ជូន​មកកាន់ដែនកោះ​មួយនេះ៕