(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសចិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធប្រចាំឆ្នាំលើកទី៨០ នៅថ្ងៃពុធនេះ ដល់ជនរងគ្រោះនៃការសម្លាប់រង្គាល នៅក្នុងទីក្រុងណានជីងដោយកងទ័ពជប៉ុន នៅអំឡុងសម័យសង្រ្គាមកាលពីឆ្នាំ១៩៣៧៕

២៖ ក្រោយពីទទួលបាននយោបាយថ្មី និងច្បាស់លាស់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រប់ផ្នែកនៅក្នុងទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្តែងចេញនូវការអបអរសាទរ និងគាំទ្រដោយការពេញចិត្តខ្លាំងតែម្តង៕

៣៖ កងទ័ពអាកាសអាមេរិក បានបាញ់ធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំង LRASM ចេញពីយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាព B-1B ដោយជោគជ័យ៕

៤៖ អ្នកជំនាញអាមេរិកមួយក្រុម ដែលតាមដានបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង បានអះអាងអំពីព័ត៌មានថ្មីមួយ ក្រោយពីបានធ្វើការអង្កេតយ៉ាងសម្ងាត់ មួយរយៈពេលកន្លងទៅនេះថា ទីក្រុងព្យុងយ៉ាងកំពុងតែរៀបចំខ្លួន ដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរមួយផ្សេងទៀតនៅឯមូលដ្ឋាន ភុងគ្យេរី (Punggye-ri) ភាគឦសានប្រទេសរបស់ខ្លួន ដែលសេចក្តីរាយការណ៍ថា បានដួលរលំទៅហើយនោះ៕

៥៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញជំហរគ្មានថ្ងៃងាករេរបស់ខ្លួន នោះគឺការ ជំទាស់យ៉ាងដាច់ខាត រាល់សកម្មភាពទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ លើគ្រប់ទម្រង់ទាំងអស់ ក្នុងនោះរួមមានទាំង ការបោះឆ្នោតធ្វើប្រជាមតិផងដែរ៕

៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានលើកឡើងពីការចាប់ផ្តើមបើកកិច្ចចរចាដោយផ្ទាល់ ជាមួយកូរ៉េខាងជើងដោយពុំមានលក្ខខណ្ឌជាមុននោះឡើយ ពោលគឺទីក្រុងវ៉ាស៊ីនតោន លែងទាមទារឲ្យទីក្រុងព្យុងយ៉ាងដាច់ខាត ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ បើចង់ឲ្យមានការចរចាគ្នាណាមួយ កើតឡើងបានទៀតឡើយ៕