(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នាថ្ងៃពុធនេះ បានព្រមានធ្ងន់ៗថា វាពុំអាចមានសន្តិភាព ឬមួយក៏ស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ឡើយ លុះត្រាតែទីក្រុងហ្សេរុយសាឡឹម ត្រូវបានទទួលស្គាល់ថាជារដ្ឋធានីនៃរដ្ឋរបស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channels Television នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម OIC ដែលប្រារព្ធនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី លោក Abbas បានបញ្ជាក់ច្បាស់ៗថា «ទីក្រុងហេ្សរុយសាឡឹម គឺជារដ្ឋធានីនៃរដ្ឋរបស់ប៉ាឡេស្ទីនជានិច្ច... បើមិនដូច្នោះទេ វានឹងគ្មានថ្ងៃមានសន្តិភាពឬស្ថិរភាពឡើយ»។ ជាមួយគ្នានោះ មេដឹកនាំប៉ាឡេស្ទីន រូបនេះបានថ្កោលទោសការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាជាកាដូជូនដល់ ក្រុមចលនា Zionist ប្រៀបដូចជារូបលោក កំពុងតែបរិច្ចាគទីក្រុងមួយរបស់សហរដ្ឋអាមេរិកអ៊ីចឹង។ លោក Abbas បានបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនលែងមានសិទ្ធិ ឬក៏តួនាទីអ្វីទៀតហើយ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា។

គួររំលឹកថា ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយចេញពីសេតវិមាននាសប្តាហ៍មុខ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តទទួលស្គាល់ ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យរៀបចំដំណើរការរុះរើស្ថានទូតអាមេរិកភ្លាមៗ ចេញពីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមតែម្តង ដែលជាទង្វើទទួលរងការរិះគន់និងថ្កោលទោសជាខ្លាំង ពីសហគមន៍អន្តរជាតិ៕