(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធបានឱ្យដឹងថា នាយកផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ នៃសេតវិមាន នឹងចាកចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះ។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders​ ដកស្រង់ដោយសារព័ត៌មាន CBS News​ ​នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងបា្រប់ទីភ្នាក់ងារសារព័ត៌មាន AP លោកស្រី Sarah Sanders បានឱ្យដឹងថាលោកស្រី Omarosa Manigault Newman ជានាយកផ្នែកទំនាក់ទំនងសម្រាប់ ការិយាល័យទំនាក់ទំនងសាធារណៈនៃសេតវិមាន នឹងលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានបម្រើការងារជាមន្ត្រីក្រោមរដ្ឋបាល លោកត្រាំអស់រយៈពេលមួយឆ្នាំមកនេះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សេតវិមានក៏បានប្រកាសផងដែរថាអនុទីប្រឹក្សាសន្តិសុខជាតិលោកស្រី Dina Powell នឹងចាកចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ នៅដើមឆ្នាំក្រោយនេះ៕