(ណានជីង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីរំលឹកខួបទី ៨០ឆ្នាំ នៃ​មហាសោកនាដកម្មទីក្រុងណានជីង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារដែលត្រូវបាន​ផ្សព្វផ្សាយនាឱកាសនោះ គឺមេដឹកនាំមហាយក្សលេខ ១ នៅអាស៊ីនេះ បានអំពាវនាវឲ្យ​ប្រជាជនរបស់ខ្លួន កុំភ្លេចប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះឲ្យសោះ។ នេះបើតាមការដកស្រង់​ការ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

នេះជាពិធី​រំលឹកវិញ្ញាណក្ខន្ធ​ប្រចាំឆ្នាំ​លើកទី៨០ ទៅដល់ជនរងគ្រោះ​នៃការសម្លាប់រង្គាល នៅក្នុងទីក្រុង​ណានជីង ដោយកងទ័ពជប៉ុន​នៅអំឡុងសម័យ សង្រ្គាម​កាលពី​ឆ្នាំ១៩៣៧។

បណ្ដាថ្នាក់ដឹកនាំ​នៃគណៈកម្មាធិការមជ្ឈិមគណបក្ស​កុម្មុយនីស្ដចិន និងរដ្ឋាភិបាលចិន បានចូលរួមនៅ​ក្នុងពិធីរំលឹកខួបនេះ នៅឯទីលានស្ថិតនៅខាងមុខ សាល​គោរពវិញ្ញាណក្ខន្ធ​ដល់ជនរងគ្រោះ នៃការសម្លាប់រង្គាលប្រជាជនចិន​ក្នុងទីក្រុងណានជីង។

គួររំលឹកថា ជប៉ុនបានឈ្លានពាន​តំបន់ភាគឦសាន​​ប្រទេសចិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៣១ ហើយបានចា​ប់ផ្ដើមវាយលុកទ្រង់ទ្រាយធំ លើប្រទេសចិន​នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៣៧។ បន្ទាប់មកទៀត រហូតដល់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ ទើបកងទ័ព​ជប៉ុន បានវាយដណ្ដើម​យកទីក្រុង​ណានជីង ព្រមទាំងបានចាប់ផ្ដើមសម្លាប់ប្រជាជនចិនជាង ៣០០,០០០នាក់ ក្នុងរយៈពេល ៤០ថ្ងៃ រីឯស្ត្រីជនជាតិចិន ២០,០០០នាក់ ត្រូវបាន កងទ័ពជប៉ុន​រំលោភបំពាន​ផ្លូវភេទ។

គួរបញ្ជាក់ថា ដោយសាររឿងប្រវត្តិសាស្ត្រ​សង្គ្រាមមួយនេះ បានធ្វើឱ្យទំនាក់ទំនង​រវាងជប៉ុន និងចិន មានភាពល្អក់កករ​នឹងគ្នាស្ទើរជារៀងរាល់ឆ្នាំ នៅពេលទីក្រុង​ប៉េកាំង ប្រារព្ធខួបនេះម្ដង ដោយចិនតែងតែទាមទារ​ឱ្យជប៉ុនធ្វើការ​សូមទោស ប៉ុន្តែទីក្រុងតូក្យូ​បានបដិសេធ៕