(ញ៉ូវយក)៖ ក្រុមហ៊ុន Disney ដ៏ល្បីល្បាញលំដាប់ពិភពលោក កំពុងទិញយកភាគហ៊ុនមួយចំនួនធំ ពីក្រុមហ៊ុន 21st Century Fox របស់ត្រកូល Murdoch ក្នុងតម្លៃជាទឹកប្រាក់ចំនួន ៥២.៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំង ផ្នែកខ្សែភាពយន្ត ស្ទុយឌីយូទូរទស្សន៍ ខ្សែកាប ពាណិជ្ជកម្មទូរទស្សន៍អន្តរជាតិ ខណៈដែលក្រុមហ៊ុននេះព្យាយាមប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតក្នុងវិស័យពាណិជ្ចកម្មផ្នែកកំសាន្ត នេះបើយោងតាមសេចក្តីរាយការណ៍​ របស់ភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចព្រមព្រៀងនេះ បានផ្តល់ឱ្យក្រុមហ៊ុន Disney ដូចជា ក្រុមហ៊ុន Twentieth Century Fox ក្រុមហ៊ុន Fox Searchlight Pictures និងក្រុមហ៊ុន Fox 2000 ដែលទាំងនេះជាកន្លែងផលិតខ្សែភាពយន្តដ៏ល្បីល្បាញមានដូចជា រឿង Avatar រឿង X-Men រឿង Fantastic Four and Deadpool។ ដោយឡែកសម្រាប់ផ្នែកទូរទស្សន៍មានរួមបញ្ជូលដូចជា Twentieth Century Fox ផលិតកម្ម FX Production និង Fox 21 ជាមួយនឹងកម្មវិធី The Simpsons និង Modern Familyផងដែរ។

សូមជម្រាបថា លោក Robert Iger នឹងបន្តធ្វើជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Walt Disney Co រហូតដល់បញ្ចប់ឆ្នាំ២០២១៕