(អង់ការ៉ា)៖ បន្ទាប់ពីព្រមាន​អស់រយៈពេលជា​ច្រើនថ្ងៃ នៅទីបំផុតកង​កម្លាំងតួកគី បានឆ្លងកាត់ព្រំដែន​ចូលទៅកាន់តំបន់​ នៅភាគខាងជើង​ប្រទេសស៊ីរីហើយ ដើម្បីបើក​ប្រតិបត្តិការ​ទ្រង់ទ្រាយធំ វាយលុក​លើក្រុមឧទ្ទាម​ឃើដ ដែលទីក្រុងអង់ការ៉ា​ចាត់ទុកថា ជាពួកភេរវករ។ ​នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

ក្រុមឧទ្ទាមឃើដ​ស្ថិតនៅក្រោម​គោលដៅ​របស់​យោធា​តួកគី គឺមាន​ឈ្មោះថា YPG។ ក្រុមឧទ្ទាមឃើដ​មួយនេះ​កំពុងធ្វើសកម្មភាព​នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី ជាប់ព្រំដែន​តួកគី ភាគខាងត្បូង និងត្រូវបានរដ្ឋាភិបាល​ទីក្រុងអង់ការ៉ា​ជឿជាក់ថា មានសម្ព័ន្ធភាព​ជាមួយគណបក្ស​ពលករ​ឃើដ PKK ដែលជាបន្លា​នៅក្នុងកែវភ្នែក​របស់​តួកគី។

មិនតែប៉ុណ្ណោះ តួកគី ក៏បានចោទប្រកាន់ផងដែរថា YGP តែងតែ​បាញ់គ្រាប់រ៉ុក្កែត​ចូលមកក្នុងទឹកដី​តួកគី។ ក៏ប៉ុន្តែ​ក្រុមអ្នក​ជំនាញខ្លះ មានការព្រួយបារម្ភ​ជាខ្លាំងដោយ​ខ្លាចក្រែង​សង្រ្គាម​នៅ​ក្នុងតំបន់ ផ្ទុះឡើង​ដ្បិត YGP ត្រូវបាន​បណ្ដុះបណ្ដាល និងគំាទ្រដោយ​សហរដ្ឋអាមេរិក​នៅក្នុងការវាយ​កម្ទេចពួក ISIS នៅក្នុង​ប្រទេស​ស៊ីរី ខណៈរដ្ឋាភិបាល​ស៊ីរីទើបតែព្រមាន​ដែរថា នឹងបាញ់ទម្លាក់រាល់​យន្ដហោះចម្បាំង​​តួកគី​ទាំងអស់ ដែលចូលមក​ក្នុងដែន​អាកាស​ស៊ីរី។

គួរបញ្ជាក់ឡើងវិញថា កាលពី​សប្ដាហ៍មុន​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បានព្រមានជា​សាធារណៈថា នឹងបោសសំអាត​ក្រុមឧទ្ទាម​ឃើដ YPG​ ​ក្រោយ មាន​សេចក្ដីរាយការណ៍​​ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន​​មាន​បំណង​ជួយដល់​កង​កម្លាំង​ប្រជាធិបតេយ្យ​​​ស៊ីរី (​SDF)​ ដឹកនាំក្រុម​​​ឧទ្ទាម​ឃើដ YPG បង្កើតកងកម្លាំង​​ព្រំដែនមួយ​​​មាន​គ្នា​ជាង ៣០,០០០នាក់ នៅតាម​បណ្ដោយ​​ព្រំដែន​តួកគី-ស៊ីរី។ យ៉ាងណា​ក៏ដោយ សហរដ្ឋអាមេរិក បានបដិសេធហើយ​ជំរុញឱ្យតួកគី​អត់ធ្មត់ ដើម្បីបញ្ជៀស​ការបាត់បង់​អាយុជីវិត​ជនស៊ីវិល៕