(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (S​ergey L​avrov) បានរិះគន់​សហរដ្ឋអាមេរិក​យ៉ាងខ្លាំងថា មិនមានសមត្ថភាព​ស្វែងរកកិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង ហើយថា ទីក្រុងវ៉ាស៊ីនតោន​តែងតែជាអ្នកដំបូង​គេ ដែលរំលោភលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ​សារព័ត៌មាន​រុស្ស៊ី Kommersant​ ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក S​ergey L​avrov បាននិយាយចំៗ​តែម្ដងថា សហរដ្ឋអាមេរិក
គ្មានសមត្ថភាព​ចរចា ឬស្វែងរកកិច្ច​ព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង ហើយមិនត្រឹម​តែ​គ្មាន​សមត្ថភាព បែរជារំលោភ​លើកិច្ចព្រមព្រៀង​ទៅទៀត។

លោក L​avrov បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា វាគឺជារឿង​មិនអាចទទួល​យកបាន ដែលអ៊ីរ៉ង់ ស៊ីរី លីប៊ី យ៉ែមែន ឬក៏ឧបទ្វីប​កូរ៉េ ត្រូវបានបញ្ចូល​ក្នុងកិច្ចព្រមព្រៀង​មួយ ដែលបញ្ជាក់​យ៉ាងច្បាស់​ពីកាតព្វកិច្ច របស់​កូរ៉េខាងជើង និងបណ្ដា​ប្រទេស​ដទៃ ប៉ុន្តែសហរដ្ឋអាមេរិក​ខ្លួនឯងតែង​តែរំលោភលើកិច្ច​ព្រមព្រៀង​នេះ។ ជាក់ស្ដែងគ្រាន់តែ កិច្ចព្រមព្រៀងមួយដែលបានសម្រេចទៅហើយ តែសហរដ្ឋអាមេរិក​​បែរជាដាក់​ទណ្ឌកម្មលើ​កូរ៉េខាងជើង​​ទៅវិញ ជាឧទាហរណ៍​ដូចជាការ​បង្កក​គណនីធនាគារមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង​ជាដើម»

គួរបញ្ជាក់ថា បើតាម​លោក S​ergey L​avrov គេអាចធ្វើកិច្ច​ពិភាក្សាជាច្រើន​ជាមួយ​កូរ៉េខាងជើង ព្រោះទីក្រុងព្យុងយ៉ាង​ជាប្រទេសមាន​ហេតុផល រីឯសហរដ្ឋអាមេរិក​កំពុងប្រព្រឹត្ត កំហុសឆ្គង និងគ្មានសមត្ថភាព​ស្វែងរកកិច្ច​ព្រមព្រៀង៕