(វ៉ាស៊ីនតោន)៖ ស្ថានការណ៍​ជាប់គាំងនៃរដ្ឋបាល លោក ដូណាល់ ត្រាំ បានឈានចូល​ដល់ថ្ងៃទីបី​ហើយ ដោយបុគ្គលិក​រដ្ឋាភិបាលសរុបរាប់ម៉ឺននាក់ នឹងនៅតែត្រូវ​បន្តឈប់សម្រាក​ពីការងារ និងអ្នកខ្លះទៀត​ត្រូវបំពេញ​ការងារ ដោយពុំមាន​ប្រាក់​ឈ្នួល​តទៀត ក្រោយពី​ការបោះឆ្នោត​នាយប់ឈាន​ចូលថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅតំបន់ភាគខាងកើត​អាមេរិក) ​​លើកញ្ចប់ថវិកា ដើម្បីបញ្ចប់​​ការ​ជាប់គាំង​​ ត្រូវបាន​ពន្យាពេល។ នេះបើតាម​ការចេញផ្សាយ​​ដោយ សារព័ត៌មាន Sky News នៅរសៀល​ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ​២០១៨។

បើតាមប្រភព​ព័ត៌មាន​ខាងលើ ព្រឹទ្ធិសភា​អាមេរិក នឹងត្រូវរៀបចំ​ការបោះឆ្នោត​​សម្រេច​លើ​កញ្ចប់ថវិកា សម្រាប់ឧបត្ថម្ភ​ដល់​ប្រតិបត្តិ​ការ​ ក៏ដូចជាទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​​នៅ​វេលាម៉ោង ១២៖០០នាទី​ថ្ងៃត្រង់​ នាថ្ងៃចន្ទសប្តាហ៍​នេះវិញ ត្រូវនឹង​ម៉ោង ១២៖០០​នាទី​យប់រំលងអាធ្រាត​ឈានចូល​ថ្ងៃអង្គារ (ម៉ោងនៅកម្ពុជា)។ ការ​បោះឆ្នោតនេះ នឹងជួយបើកផ្លូវ​ដើម្បីឲ្យរដ្ឋាភិបាល​សហព័ន្ធ អាចដំណើ​រ​ការដូចប្រក្រតីឡើងវិញ​ រហូតដល់​ថ្ងៃទី០៨ ខែកុម្ភៈ។

អ្វីដែលជា​ឧបសគ្គធំ​បំផុត ក្នុងការព្រមព្រៀង​គ្នាលើ ចំពោះការបោះឆ្នោត​នៃកញ្ចប់ថវិកា​ឧបត្ថម្ភនេះ គឺបញ្ហាជន​អន្តប្រវេសន៍ ជាពិសេស​​កម្ម​វិធី DACA ដែលការពារក្រុមជន​អន្តោប្រវេសន៍ «Dreamer» ជាជនអន្តោប្រវេសន៍​ប្រមាណ ៧០០,០០០នាក់ ដែលបាន​ធ្វើដំណើរ​មកដល់ទឹកដី​អាមេរិកដោយ​ខុសច្បាប់ កាលពី​កុមារភាព កុំឲ្យត្រូវគេបណ្តេញ​ចេញ​ទៅវិញ។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​ប្រកាសកាលពី​ខែកញ្ញាឆ្នាំទៅថា រូបលោកនឹង​បិទកម្មវិធី​នេះចោល បន្ទាប់ពីធ្លាប់​បាននិយាយថា ជន Dreamer ទាំងនោះ នឹង​ត្រូវ​ទទួល​បាន​ការការពារ។

គួរជម្រាបថា មន្រ្តីបក្ស​សាធារណរដ្ឋមាន​អាសនៈត្រឹម ៥១ប៉ុណ្ណោះ នៅក្នុង​ចំណោម​អាសនៈសរុបចំនួន ១០០ នៅព្រឹទ្ធសភា។ ដូច្នេះ​ហើយព្រឹទ្ធ​សមាជិក​បក្សសាធារណរដ្ឋ ត្រូវការសំឡេង​គាំទ្រពីមន្រ្តីបក្ស​ប្រជាធិបតេយ្យ ដើម្បីឡើងដល់ ៦០សំឡេង ដែលតម្រូវ​ឲ្យ​​​កញ្ចប់ថវិកា​នេះ អាចត្រូវទម្លាក់​ចេញបាន។

ការជាប់គាំងរដ្ឋាភិបាល​អាមេរិកនេះ បានចាប់​ផ្តើមឡើង​កាលពីយប់ថ្ងៃសុក្រ​ឈានចូលថ្ងៃសៅរ៍​សប្តាហ៍មុននេះ ដោយ​ទីភ្នាក់ងារ​រដ្ឋ​​មួយចំនួន​ត្រូវបានបិទទ្វារ ហើយបុគ្គលិក​រដ្ឋាភិបាលជា​ច្រើននាក់ ត្រូវឈប់​សម្រាកពីការងារ។ យ៉ាងណាមិញ ស្ថាប័នមួយចំនួន​​​ដែលគេចាត់ថ្នាក់​ថា ជាស្ថាប័ន​ចាំបាច់ រួមមានផ្នែក​យោធា និងសេវាសាធារណៈ នៅតែធ្វើប្រតិបត្តិការ​ដដែល ប៉ុន្តែអ្នក​បម្រើការងារ​នៅតាមស្ថាប័ន​ទាំងនោះ ពុំទទួលបាន​ប្រាក់កម្រៃឡើយ រហូតទាល់តែ​រដ្ឋាភិបាល​សហព័ន្ធ ទទួលបានកញ្ចប់​ថវិកាឧបត្ថម្ភ ដែល​ធ្លាក់​​ពីសភា។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពី​ឆ្នាំ១៩៩០មក ការជាប់គាំងចំនួន ០៤លើក ហើយ បានកើតមាន​ចំពោះរដ្ឋាភិបាល​អាមេរិក ដោយ​លើកចុង​ក្រោយបំផុត គឺនៅឆ្នាំ២០១៣ ក្រោមការដឹកនាំ​របស់ លោក បារ៉ាក់ អូបាម៉ា ចាប់ពី​ថ្ងៃទី០១ ដល់ទី១៧ ខែកក្កដា ហើយក្នុង​អំឡុង​​ពេលនោះ បុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាក​ការងារជាបណ្តោះ​អាសន្ន៕