(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឱ្យកងទ័ព និងប៉ូលិសហ្វីលីពីនបាញ់សម្លាប់រូបលោក បើសិនជាលោកក្លាយទៅជា មេដឹកនាំផ្ដាច់ការ។ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានបញ្ជាក់ដែរថាលោកអាចនឹងបន្តកាន់អំណាចលើសពីអណត្តិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

លោក ឌូតើតេ ថ្លែងបែបនេះនៅអំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពមួយកន្លែង។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីមាត់ឆៅរូបនេះ បានលើកឡើងដូច្នេះថា៖ «បើខ្ញុំកាន់អំណាចយូរ ហើយក្លាយជាជនផ្ដាច់ការ...បាញ់សម្លាប់ខ្ញុំចោលចុះ ខ្ញុំមិនមែននិយាយលេងនោះទេ។ មួយវិញទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាវាគឺជាការងាររបស់អ្នកក្នុង ការការពាររដ្ឋធម្មនុញ្ញ និងការពារប្រជាជនហ្វីលីពីន...ដូច្នេះអ្នកចងចាំចុះថានេះគឺកាតព្វកិច្ចរបស់អ្នក»។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ ត្រូវបានគេមើលឃើញថាជាការបន្ធូរបន្ថយការរិះគន់ ក្រោយមានសេចក្ដីរាយការណ៍ថាលោកបានបញ្ជាអ្នកស្មោះ ស្មាក់នៅក្នុងសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីត្រួសត្រាយផ្លូវឱ្យលោកបន្តកាន់អំណាចលើសឆ្នាំ២០២២ នៅពេលអណត្តិរបស់បញ្ចប់៕