(ហេ្សរុយសាឡឹម)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយលោកថ្លែង បែបនេះនៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក Benyamin Netanyahou។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

លោក Mike Pence បានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីនាយករដ្ឋមន្ត្រី លោក  Benyamin Netanyahou។ បន្ថែមពីលើនេះ គ្រាន់តែបានចាប់ដៃលោក Netanyahou លោកអនុប្រធានាធិបតីអាមេរិកបានហាមាត់ភ្លាមៗថាលោកពិតមានកិត្តិយសណាស់បានស្ថិតនៅរដ្ឋធានីអ៊ីសា្រអែលហ្សេរុយសាឡឹម រីឯលោក Netanyahou ក៏បានតបវិញភ្លាមៗដែរថានេះគឺជាលើកទីមួយហើយ ដែលលោកស្ថិតនៅទីនេះក្នុងស្ថានភាពដែលមេដឹកនាំពីររូប អាចនិយាយពាក្យបីម៉ាត់នោះគឺ ហេរុយសាឡឹម, រដ្ឋធានីអ៊ីស្រាអែល។​​ ដោយឡែក ពាក់ព័ន្ធនឹងឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ អនុប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា ដើម្បីការពារអ៊ីស្រាអែល ទីក្រុងវ៉ាស៊ីនតោន នឹងមិនបណ្ដោយឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយក៏នឹងមិនឱ្យទីក្រុងតេហេរ៉ង់ សម្រេចមហិច្ឆិតាគ្រប់គ្រងតំបន់ព្រំដែនស៊ីរីជាប់អ៊ីស្រាអែល នោះដែរ។  

គួរបញ្ជាក់ថា លោក Mike Pence កំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយកាលពីថ្ងៃសៅរ៍ លោកបានស្ថិតនៅប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកគឺប្រទេស ហ្សកដានី មុននឹងលោកធ្វើដំណើរទៅកាន់អ៊ីស្រាអែល។ ចំណែកឯ កាលពីថ្ងៃសៅរ៍កន្លងទៅ លោកក៏បានហៅអ៊ីរ៉ង់ថាជារដ្ឋគាំទ្រភេរវករផងដែរ៕