(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ បានប្រកាសថា ប្រទេស​របស់​លោកនឹងគ្មានថ្ងៃ​បកក្រោយវិញឡើយ ចំពោះប្រតិបត្តិការយោធា​ប្រឆាំងនឹងក្រុមឧទ្ទាម​ឃើដ YPG នៅក្នុង​តំបន់ Afrin ទឹកដីប្រទេស​ស៊ីរីនោះ ទោះបីជា​មហាអំណាចនានា​បានអំពាវនាវ​ឲ្យឈប់ និងរដ្ឋាភិបាលស៊ីរី​ព្រមានវាយបក​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

លោក អឺដូហ្គាន់ បានប្រកាសនៅក្នុងពិធី​ថ្នាក់ជាតិមួយ នារដ្ឋធានី​អង់ការ៉ា នៅថ្ងៃចន្ទ​សប្តាហ៍នេះ​ថា «គ្មានការបកត្រឡប់​ក្រោយឡើយ​ពីតំបន់ Afrin»។ ប្រធានាធិបតីរូបនេះ​ក៏បានសង្កត់ធ្ងន់​ផងដែរថា ប្រទេសតួកគី​បាននិយាយជា​មួយរុស្ស៊ី និងអាមេរិក មុនខ្លួន​ធ្វើ​ប្រតិបត្តិការនេះ​ទៅហើយ ប៉ុន្តែយើងមិនអាច​បញ្ចុះបញ្ចូលអាមេរិក​ឲ្យគាំទ្រឡើយ។

គួរបញ្ជាក់ថា កងកម្លាំងតួកគី បានវាយដណ្ដើមយក​ភូមិមួយចំនួន នៅក្នុងតំបន់ភាគពាយ័ព្យ​ប្រទេសស៊ីរី ក្នុងថ្ងៃទីបីនៃ​ការបើកប្រតិបត្តិការ​យោធា វាយលុកបណ្ដេញក្រុមឧទ្ទាម​ឃើដ YPG ចេញពីព្រំដែនតួកគី។ កងកម្លាំងតួកគី អមដោយក្រុមក្រុមឧទ្ទាមស៊ីរីជាសម្ព័ន្ធមិត្ត បានវាយដណ្ដើម​យកភូមិជាច្រើ​នក្នុងតំបន់ Afrin នៅថ្ងៃចន្ទសប្តាហ៍នេះ។

ទោះបីជាបែបនេះក្តី​ ពួកឧទ្ទាមឃើដ YPG បានអះអាងថា ខ្លួនដណ្ដើមបានភូមិ​ចំនួនពីរត្រឡប់​មកវិញ។ ប្រតិបត្តិការយោធា​នេះ​កើតមានឡើង បន្ទាប់ពី​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បានព្រមាន​ជាសាធារណៈថា នឹងបោសសំអាត​ក្រុមឧទ្ទាមឃើដ YPG ក្រោយមាន​សេចក្ដីរាយការណ៍​ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមាន​បំណងជួយ​ដល់កងកម្លាំង ប្រជាធិបតេយ្យ​ស៊ីរី (SDF) ដឹកនាំក្រុម​ឧទ្ទាមឃើដ YPG បង្កើតកងកម្លាំង​ព្រំដែនមួយមាន​គ្នាជាង ៣០,០០០នាក់ នៅតាមបណ្ដោយព្រំដែនតួកគី-ស៊ីរី។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបដិសេធ​ហើយជំរុញឱ្យតួកគី​អត់ធ្មត់ ដើម្បីបញ្ជៀស​ការបាត់បង់អាយុជីវិត​ជនស៊ីវិល។ សម្រាប់រដ្ឋាភិបាលតួកគី ក្រុមឧទ្ទាមឃើដ YPG គឺជាសម្ព័ន្ធមិត្ត​របស់គណបក្សពលករ​ឃើដ PKK ដែលកំពុងតស៊ូ​ប្រយុទ្ធដើម្បីបង្កើត​តំបន់ស្វយ័តមួយ នៅភាគអាគ្នេយ៍​ប្រទេសតួកគី​ អស់រយៈពេលរាប់​ទសវត្សរ៍មក​ហើយ។ ដោយឡែក បើតាម Anadolu កងកម្លាំង​តួកគី បានវាយយក​ភូមិដូចជា Shankal, Qorne, Bali និង Adah Manli៕