(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ​កញ្ចប់​ថវិការយៈពេល​ខ្លីមួយ ដោយនឹងជួយ​ឧបត្ថម្ភរដ្ឋាភិបាលគេចចេញពីភាពជាប់គាំង​ បន្តរហូតដល់​ថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខនេះ ​ហើយ​ក៏ត្រូវបានសភាសម្រេចអនុម័តផងដែរ កាលពីយប់ថ្ងៃចន្ទ​​សប្តាហ៍នេះ។ នេះបើតាម​ការ​ចេញផ្សាយដោយ Business Insider នាព្រឹក​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

សម្រាប់កញ្ចប់​ថវិកាបន្ទាន់នេះ គឺងាយនឹងសម្រេចចេញ ដោយសារតែសមាជិក​សភាភាគច្រើន​មកពីគណបក្សទាំងពីរ បានបោះឆ្នោតគាំទ្រ​ក្នុងសំឡេងរួម ៨១សំឡេង ទល់នឹង ១៨សំឡេង ដោយក្នុងនោះសមាជិកជំទាស់​មាន ០២រូប (Rand Paul និង Mike Lee) មកពីគណបក្ស​​សាធារណរដ្ឋ និង ១៦រូប ទៀត​មកពីបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ការអនុម័តនូវថវិកា​បណ្តោះអាសន្នខាងលើនេះ នឹងអនុញ្ញាត​ឲ្យរដ្ឋាភិបាល​លោក ដូណាល់ ត្រាំ បន្តកិច្ចការងារ​របស់ខ្លួនរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ គឺរយៈ ០៨ថ្ងៃ​មុនពេលកំណត់ នៃការអនុម័ត​កញ្ចប់ថវិកា ដែលត្រូវបានព្រឹទ្ធសភា​បដិសេធ​កាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ។

គួររំលឹកថា គិតចាប់តាំងពី​ឆ្នាំ១៩៩០មក ការជាប់គាំងចំនួន ០៤លើក ហើយ បានកើតមាន​ចំពោះរដ្ឋាភិបាល​អាមេរិក ដោយ​លើកចុង​ក្រោយបំផុត គឺនៅឆ្នាំ២០១៣ ក្រោមការដឹកនាំ​របស់ លោក បារ៉ាក់ អូបាម៉ា ចាប់ពី​ថ្ងៃទី០១ ដល់ទី១៧ ខែកក្កដា ហើយក្នុង​អំឡុង​​ពេលនោះ បុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាក​ការងារជាបណ្តោះ​អាសន្ន៕