(ហាណូយ)៖ នាម្សិលមិញនេះ​តុលាការទីក្រុង​ហាណូយ នៅទីបំផុតបាន​ប្រកាសសាលក្រម នៃរឿងក្តីពាក់ព័ន្ធនឹង​ទង្វើខុសច្បាប់ ដែលបានកើត​មាន​ឡើងនៅឯក្រុមហ៊ុន​ប្រេងរបស់រដ្ឋ PetroVietnam ដែលជាការ​បិទបញ្ចប់ នៃសំណុំរឿងដ៏ធំរយៈពេល ០២​សប្តាហ៍​នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មាន Vietnam News នៅព្រឹក​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

ចុងចោទ​សរុបចំនួន ២២នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស ជុំវិញការមាន​ជាប់ពាក់ព័ន្ធ​របស់ពួកគេ ក្នុងការជ្រើសរើស​​ក្រុម​ហ៊ុន​​សាងសង់ PetroVietnam Construction JSC (PVC) ឲ្យកាន់គម្រោង​រោងចក្រថាមពល​កម្តៅតម្លៃ ១.៧ពាន់លានដុល្លារ​ Thai Binh នៅក្រោមការ​បង្គាប់ពីក្រុមហ៊ុន​មេរបស់ PVC គឺក្រុមហ៊ុនប្រេង និងឧស្ម័ន National Oil and Gas Group PetroVietnam (PVN) ​ដែល​ជាការ​បំពានច្បាប់ ហើយទោះបី​ជាក្រុមហ៊ុន PVC បានបង្ហាញ​ការខ្វះខាតសមត្ថភាព​យ៉ាងណាក្តី។

ម៉្យាងវិញទៀត ការទូទាត់ថវិកា​ជាមុនប្រមាណ ១.៣ពាន់ពាន់​លានដុង (ស្មើនឹង ០៦លានដុល្លារ) ដែលត្រូវបាន​ផ្តល់ពី​សំណាក់ PVN ទៅ​កាន់ PVC ក៏ត្រូវគេរក​ឃើញថា បានយកទៅប្រើប្រាស់​ក្នុងផ្លូវខុស​ផងដែរ ដែលលទ្ធផល​បានធ្វើឲ្យខាតបង់​ថវិកា​រដ្ឋ​​ចំនួន ​១២០ពាន់​លានដុង (ស្មើនឹង ៥.៣លានដុល្លារ)។

តុលាការទីក្រុង​ហាណូយ បានចាត់ទុកសំណុំ​រឿងខាង​លើ ជារឿងក្តីដ៏ធ្ងន់ធ្ងរបំផុតមួយ នៃការបំពាន​ច្បាប់សេដ្ឋកិច្ច និងការ​ប្រព្រឹត្ត​អំពើពុករលួយ ខណៈចុងចោទ​សុទ្ធតែកាន់តំណែង​ធំៗ នៅក្នុងក្រុមហ៊ុន​គ្រប់គ្រង​ដោយរដ្ឋ ដែល​ត្រូវ​បាន​ប្រគល់​តួនាទី​​ដោយរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តន៍​គម្រោងយុទ្ធសាស្រ្ត​សំខាន់ៗ តែបែរជាប្រើ​សិទ្ធិអំណាចរបស់​ពួកគេ​ក្នុងផ្លូវខុស ដើម្បីប្រព្រឹត្ត​​បទ​ល្មើស​ផ្សេងៗ ដោយចេតនា​ទៅវិញ។

ការសម្រេចវិនិច្ឆ័យទោស​ចុងក្រោយនា​ថ្ងៃម្សិលមិញនេះ ទៅលើបណ្តា​ចុងចោទ ភាគច្រើនគឺមិន​មានភាពធូរស្រាល​ប៉ុន្មាននោះ​ឡើយ បើធៀបទៅនឹងការ​ដាក់​ពិន័យ ដែលរដ្ឋអាជ្ញា​ទីក្រុងហាណូយ បានព្យាយាម​ស្នើសុំ ដោយទោសធ្ងន់ធ្ងរ​ជាងគេបំផុត នោះ​គឺ​ត្រូវ​ជាប់​ពន្ធ​នា​គារ​​អស់មួយជីវិត និងទោសស្រាល​ជាងគេ គឺការ​ព្យួរទោស។

លោក Dinh La Thang អតីតប្រធាន​​ក្រុមប្រឹក្សា​ក្រុមហ៊ុន PVN និងជាអតីតសមាជិក​នៃការិយាល័យ​នយោបាយ ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​​ពី​បក្ស​កុម្មុយ​និស្ត​វៀត​ណាម កាលពី​ខែធ្នូ ឆ្នាំ២០១៧នោះ ត្រូវទទួលទោស​ជាប់ពន្ធនាគារ​រយៈពេល ១៣ឆ្នាំ ពី​បទ​មាន​​ចេត​នា​​​បំពាន​​លើច្បាប់រដ្ឋ​ស្តីពីការគ្រប់គ្រង​សេដ្ឋកិច្ច ការបង្កការខាត​បង់ធ្ងន់ធ្ងរ នៅ​ក្រោម​ក្រម​​ព្រហ្ម​ទណ្ឌ​នៃ​​ប្រទេស​​វៀត​ណាម។ ម៉្យាងវិញទៀត ក្រោយជាប់ពន្ធនាគារ​រយៈពេល ១៣ឆ្នាំ លោក Thang ក៏នឹងត្រូវហាមឃាត់​មិនឲ្យ​កាន់​តែ​តួនាទី​​ធំ​នៅ​​ផ្នែក​គ្រប់​គ្រង​ ឬ​មួយ​ក៏​ផ្នែក​​ហិរញ្ញវត្ថុ​ថែមទៀតផង សម្រាប់រយៈពេល​ពី ០៤ឆ្នាំ ទៅ ០៥ឆ្នាំ។

លើសពីនេះមនុស្ស ១៣នាក់ទៀត ក៏ត្រូវបានផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ដោយសារ​ការបំពាន់ច្បាប់សេដ្ឋកិច្ច​ផងដែរ ដោយ​ក្នុង​នោះ​រួមមាន លោក Phung Dinh Thuc អតីត​អគ្គនាយក PVN និងអគ្គនាយករង​ពីររូបរបស់​លោក គឺលោក Nguyen Quoc Khanh និង​លោក Nguyen Xuan Son។

ជនជាប់ចោទចំនួន ១០នាក់ ផ្សេងទៀត ត្រូវបានគេរក​ឃើញថា មានទោសពីបទ​កិបកេងបន្លំ ដោយរួមមានទាំង​អតីត​អគ្គ​នា​យក​រង​ ​នៃ​ក្រុម​ហ៊ុន PVC គឺលោក Nguyen Anh Minh ដែលត្រូវជាប់​ពន្ធនាគាររយៈពេល ១៦ឆ្នាំ។ នៅក្នុង​ចំណោម ១០នាក់នោះ ជន​ជាប់​ចោទ​០៣​នាក់ ដែលទទួល​ការព្យួរទោស ត្រូវបានដោះលែង​វិញភ្លាមៗ។

នាយកគ្រប់គ្រង​ជាន់ខ្ពស់ចំនួន ០២រូប នៃក្រុមហ៊ុន PVC រួមមាន​លោក Trinh Xuan Thanh ដែលជាអតីត​ប្រធាន​ក្រុមប្រឹក្សា ​ត្រូវ​បាន​កាត់ទោស​ដាក់ពន្ធនាគារ​អស់មួយជីវិត និង​លោក Vu Duc Thuan ដែលជាអតីត​អគ្គនាយក​ត្រូវជាប់ពន្ធនាគារ ២២ឆ្នាំ បន្ទាប់ពី​​អ្នក​ទាំងពីរ ត្រូវបានគេរកឃើញថា មានទោសពីបទ​ល្មើសទាំងពីរ​ករណី គឺការបំពានច្បាប់​សេដ្ឋកិច្ច និងការកិបកេង​ថវិកាកម្រិត​ធ្ងន់។

បើតាម​​តុលាការ បទល្មើស​របស់លោក Thanh គឺសាកសមនឹង​ទទួលទោសប្រហារ​ជីវិត ដោយយោង​ទៅលើក្រម​ព្រហ្មទណ្ឌ ប៉ុន្តែ​គ្រួសារ​​​របស់លោក បានប្រគល់ថវិកា​ប្រមាណ ០៤ពាន់លានដុង ដោយ​សុទ្ធចិត្ត ត្រឡប់ទៅកាន់​អាជ្ញាធរវិញ ហើយដោយសារ​តែ​ការ​ទទួល​ខុស​​ត្រូវ​​ ដោយស្មោះត្រង់​របស់លោក Thanh ចំពោះបទ​ល្មើសរបស់​លោក ទម្ងន់ទោស​របស់ លោក Thanh ក៏ត្រូវបាន​សម្រាល។

គួរជម្រាបថា ក្រុមហ៊ុន​ប្រេងរដ្ឋ PetroVietnam ដែលជាដើមបណ្តឹង​រដ្ឋប្បវេណី នៅក្នុងរឿងក្តី​ដ៏កក្រើកនេះ បានទាមទារឲ្យ​​តុលាការ​ក្រុង​ហាណូយ បង្ខំឲ្យ​ជនជាប់ចោទ​ទាំងពីរនាក់​ខាងលើ សងប្រាក់ចំនួន ១២០ពាន់លានដុង (៥.៣លានដុល្លារ) ពោលគឺស្មើ​នឹង​ចំនួន​ថវិកា ដែលពួកបាន​ធ្វើឲ្យខាតបង់ មកក្នុងថវិកា​រដ្ឋវិញ។ ក្រោយមក លោក Thang និង លោក Thanh ក៏ត្រូវបានបង្គាប់​ឲ្យ​​បង់​ប្រាក់សរុប ៦០ពាន់លានដុង (២.៦លានដុល្លារ) ដោយម្នាក់ៗ​ត្រូវទទួលខុសត្រូវ​សម្រាប់ ៣០ពាន់លានដុង (១.៣លានដុល្លារ) ពីព្រោះពួកគេទាំងពីរ​មានទំនួលខុសត្រូវ​ស្មើគ្នា៕