(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះបានប្រកាសថា បានសម្រេចចិត្ត​ជ្រើសរើសយកថ្ងៃទី០៨ ខែកុម្ភៈ គឺជាថ្ងៃថ្មីនៃការ​ប្រារព្ធខួបបង្កើត​កងទ័ព​កូរ៉េខាងជើង ហើយថា​ខ្លួននឹង​រៀបចំជា​ជំហានៗ​ជាក់ស្ដែង ដើម្បីធ្វើដំណើរការទៅមុខ នៃ​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្ត្រ​នេះ ដែលនឹងត្រូវកើត​ឡើងមួយថ្ងៃប៉ុណ្ណោះមុននឹង​ការចាប់ផ្ដើម ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ​ ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង​នៅ​ថ្ងៃទី០៩ ខែកុម្ភៈ។ នេះបើតាម KCNA ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

ស្ថានីយ៍ទូរទស្សន៍​រដ្ឋកូរ៉េខាងជើង KCNA​ បានប្រកាសពី​ការផ្លាស់ប្ដូរកាលបរិច្ឆេទ​ នៃខួបបង្កើតកងទ័ព​កូរ៉េខាងជើង​ នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន។ KCNA បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ​ទី០៨ ខែកុម្ភៈ នឹងក្លាយជា​ថ្ងៃនៃការប្រារព្ធខួប​បង្កើតកងទ័ព​ប្រជាមានិត​កូរ៉េខាងជើង... ដូច្នេះស្ថាប័នពាក់ព័ន្ធ​ទាំងឡាយ​ នឹងរៀបចំជា​ជំហានៗ​ជាក់ស្ដែង ដើម្បីប្រារព្ធទិវា ជា​ប្រវត្តិសាស្ត្រនេះ ហើយ​ថ្ងៃទី២៥ ខែមេសា នឹងក្លាយ​ជាថ្ងៃប្រារព្ធខួប​ នៃការបង្កើតកងទ័ព​បដិវត្តន៍ប្រជាមានិត​កូរ៉េខាងជើង ដោយ​លោក គីម អ៊ីលស៊ុង»។ ​

គួរបញ្ជាក់ថា កាលពីដំបូង​ឡើយ ការប្រារព្ធខួបបង្កើតកងទ័ព​កូរ៉េខាងជើង ត្រូវធ្វើឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី២៥ ខែមេសា ហើយជាទម្លាប់​ទីក្រុងព្យុងយ៉ាង តែងតែរៀបចំ​ការធ្វើ​ព្យុហយាត្រា​យោធា ឬក៏ធ្វើតេស្ដ​មីស៊ីលជាដើម។ ដោយឡែក​ប៉ុន្មានថ្ងៃមុននេះ មន្ត្រីកូរ៉េខាងត្បូង​ម្នាក់ក៏បានឱ្យ​ដឹងដែរថា កងទ័ព ១៣,០០០នាក់ និងគ្រឿងបរិក្ខា​យោធា​ជាង ២០០គ្រឿង ត្រូវចាប់បានសញ្ញា​នៅក្បែរអាកាសយានដ្ឋាន​មួយ ក្នុងទីក្រុងព្យុងយ៉ាង៕