(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី​បច្ចុប្បន្ន កំពុងធ្វើការចរចា​ជុំវិញការប្រគល់ ក៏ដូចជាអំពាវនាវលក់​ប្រព័ន្ធខែលការពារ​ដែនអាកាស​ប្រភេទ S-400 របស់​ខ្លួន​ជាមួយ​​បណ្តាប្រទេស​មួយចំនួន នៅក្នុងតំបន់​មជ្ឈិមបូព៌ា និងអាស៊ី​អាគ្នេយ៍ ដែលមានចំណាប់​អារម្មណ៍ លើ​ការ​ទិញ​យក​ប្រព័ន្ធ​​សព្វា​វុធ​​នេះ។ នេះបើតាម​សេចក្តីរាយការណ៍​ នៃប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុករុស្ស៊ី ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី Sergei Shoigu បានថ្លែងថា «ប្រទេស​មួយចំនួន ជាពិសេសនៅក្នុង​តំបន់​មជ្ឈិមបូព៌ាក្បែរៗ​អាស៊ី និងអាស៊ីអាគ្នេយ៍ បានបង្ហាញ​ពីចំណាប់អារម្មណ៍​របស់ពួកគេ មកលើប្រព័ន្ធ​មីស៊ីល S-400។ នា​ខណៈ​ពេលនេះ ដំណើរការពិភាក្សា​ចរចាគ្នាជុំវិញ​រឿងនេះ កំពុងតែប្រព្រឹត្ត​ទៅ»។ ក្រសួង​ការពារជាតិ​រុស្ស៊ី ក៏បានបញ្ជាក់​ផងដែរថា ទីក្រុង​ម៉ូស្គូស្វាគមន៍ជានិច្ច ដើម្បីចែករំលែក​បទពិសោធន៍​ជាមួយដៃគូ ជុំវិញការប្រើប្រាស់​គ្រឿងសព្វាវុធ​របស់ខ្លួន។

គួរជម្រាបថា S-400 គឺជាប្រព័ន្ធខែល​ការពារដែនអាកាស ដែលមានរយៈចម្ងាយ​វែង និងទំនើបជាងគេ​បង្អស់ របស់ប្រទេស​រុស្ស៊ី ហើយវាអាច​ផ្ទុកមីស៊ីល​បាន ០៣ប្រភេទ​ខុសៗគ្នា ដែលមាន​សមត្ថភាពកម្ទេច​គោលដៅ រួមមានដូចជា​មីស៊ីល​ផ្លោង និងមីស៊ី​ល​ប្រដេញ​ខ្នាតធំ។ ដោយឡែក អតិថិជនចុងក្រោយ​បំផុត​នៃប្រព័ន្ធនេះ គឺប្រទេសតួកគី ​ដោយនៅក្នុង​កិច្ចព្រមព្រៀងនៃ​ប្រទេស​ទាំង​ពីរ រុស្ស៊ី​នឹងចាប់ផ្តើមប្រគល់ S-400 ឲ្យដល់ដៃ​តួកគី នៅ​ខែមីនា ឆ្នាំ២០២០ ដោយក្នុងមួយឈុត-គ្រឿងតម្លៃ​ជាង ៤០០លានដុល្លារអាមេរិក៕