(អាមេរិក)៖ សេចក្តីព្រមាន​អំពីរលកយក្ស​ស៊ូណាមិញ ត្រូវបានធ្វើឡើង​ជាបន្ទាន់ បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិត​ធ្ងន់ដល់ទៅ ​៨.០​រ៉ិច​ទ័រ​ បានវាយប្រហារដែនសមុទ្រ​នៃរដ្ឋ​អាឡាស្កា របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​អង់គ្លេស BBC នៅ​ល្ងាច​​ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

បើតាមប្រភពព័ត៌មាន​បរទេស ហេតុការណ៍រញ្ជួយផែនដី​កម្រិតអាច ៨.០ ឬក៏ ៨.១រ៉ិចទ័រ បាន​វាយប្រហារ​នៅចម្ងាយ ២៥០គីឡូ​ម៉ែត្រ​​ ភាគអាគ្នេយ៍នៃតំបន់ Chiniak នៃ​កោះ Kodiak ភាគខាងត្បូង​រដ្ឋអាឡាស្កា (Alaska)។ ភ្លាមៗក្រោយ​គ្រោះរញ្ជួយផែនដី​ ដ៏កក្រើកនេះ បើតាមទីភ្នាក់ឃ្លាំមើល​ស៊ូណាមិ​អាមេរិក សារប្រកាស​អាសន្នពីរលកយក្ស ក៏ត្រូវបានដាក់ចេញ​ជាបន្ទាន់ សម្រាប់តំបន់ឆ្នេរ​មួយ​​​ចំនួននៃរដ្ឋ Alaska ព្រមទាំងខេត្ត British Columbia របស់​កាណាដា។

គួរជម្រាបផងដែរថា នាខណៈពេល​នេះ ពុំទាន់មានសេចក្តីរាយការណ៍​ណាមួយ បញ្ជាក់ពីការ​បំផ្លិចបំផ្លាញ ឬមួយក៏​មនុស្សរង​គ្រោះ​​ដោយសារហេតុការណ៍​ខាងលើនេះ នៅឡើយទេ៕