(សេអ៊ូល)៖ សហរដ្ឋអាមេរិក ជប៉ុន និងអង់គ្លេស បានសម្ដែងការជំទាស់ទៅនឹងសំណើរបស់ភាគីកូរ៉េខាងត្បូង ដែលចង់ដំណើរការឡើងវិញនូវការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ កូរ៉េខាងជើង នៅអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ក្នុងប្រទេសកាណាដា នាពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មានជប៉ុន Sankei Shimbun នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មកពី២០ប្រទេស កាលពីសប្ដាហ៍មុន នៅឯទីក្រុង Vancouver ប្រទេសកាណាដា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានស្នើឱ្យដំណើរការឡើងវិញនូវការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជនកូរ៉េខាងជើង។ ប៉ុន្តែសំណើនេះ ត្រូវ បានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono រួមទាំងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson បានសម្ដែង
ការជំទាស់ជាខ្លាំង ដោយពួកគេយល់ថាការធ្វើបែបនោះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

គួររំលឹកថា កាលពីខែកញ្ញា រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្ដល់ជំនួយមនុស្សធម៌០៨លានដុល្លារដល់កូរ៉េខាងជើង តាមរយៈទីភ្នាក់ងារអន្តរជាតិ ក្នុងនោះរួមមានទាំងអង្គការកម្មវិធី ស្បៀងអាហារពិភពលោក។ ប៉ុន្តែជំនួយទំាងនេះមិនទាន់ត្រូវបានប្រគល់នៅឡើយទេ ដោយសារតែទីក្រុងព្យុងយ៉ាងបានបង្ករឿងជាបន្តបន្ទាប់កាលពីឆ្នាំ២០១៧៕