(ម៉ានីល)៖ ខណៈតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កំពុងខិតខំ​ព្យាយាមបើកការ​ស៊ើបអង្កេត​បឋមមួយ ទៅលើ​យុទ្ធនាការ​ប្រឆាំង​​បទល្មើសគ្រឿងញៀន​​របស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បុរសខ្លាំង​ហ្វីលីពីន​រូបនេះ បានប្រកាស​ក្តែងៗថា សង្រ្គាមបង្រ្កាប​​គ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេស​របស់លោក នឹងនៅតែបន្ត​ទៅមុខ​ដដែល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌​មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​អង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅអំឡុងការធ្វើ​សុន្ទរកថាមួយ កាលពីយប់ថ្ងៃចន្ទ​ម្សិលមិញ លោក ឌូតឺតេ បានបញ្ជាក់ថា រូបលោកគ្មាន​គម្រោង​បញ្ឈប់យុទ្ធ​ការ​ដ៏បង្ហូរឈាម​របស់លោកឡើយ ដោយនិយាយថា បញ្ហាគ្រឿងញៀន​នៅហ្វីលីពីន គឺជារឿងធ្ងន់ធ្ងរ​យ៉ាងខ្លាំង មិនអាចបន្ធូរបន្ថយ​​ដៃបានឡើយ។
លោក ឌូតឺតេ បានលើក​ឡើងច្បាស់ៗ​យ៉ាងដូ​ច្នេះថា «សង្រ្គាមប្រឆាំងនឹង​គ្រឿងញៀន នឹងមិនអាច​បញ្ឈប់ឡើយ ហើយវានឹងបន្ត​រហូតទាល់តែដល់​ថ្ងៃខ្ញុំ​ ចុះចេញពីកៅអី​ប្រធានាធិបតី»។ ​ដោយឡែក កាលពី​សប្តាហ៍មុន អ្នកនាំពាក្យ​លោក ឌូតឺតេ បាន​ប្រកាស​ថា ICC កំពុងប៉ុនប៉ង​បើកការស៊ើបអង្កេត​មួយ ទៅលើយុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្មគ្រឿង​​របស់​លោក ឌូតឺតេ។

គួរជម្រាបថា ការប្រកាន់ជំហរ​យ៉ាងម៉ឹងម៉ាត់​បែបនេះ ត្រូវបានធ្វើឡើង ចំពេលដែល​មានព័ត៌មានថា លោក រ៉ូឌ្រីហ្គោ​ ឌូតឺតេ បាន​ចេញ​បទបញ្ជាមួយ ដែលបានទទួលរង​ការរិះគន់ និងថ្កោលទោសយ៉ាងគំហុក ពីក្រុមការពារសិទ្ធិ​មនុស្ស និងសិទ្ធិស្រ្តី៕