(វ៉ាស៊ីនតោន)៖ អតីត​អភិបាលរដ្ឋ Massachusetts លោក Mitt Romney ដែលតែងតែ​រិះគន់ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជាញឹកញាប់​នោះ នឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅក្នុងរដ្ឋ Utah, នេះបើយោង​តាមសារព័ត៌មាន CNBC ចុះផ្សាយឲ្យដឹង នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

​លោក Romney បាន​ប្រកាសថា «ខ្ញុំបាន​សម្រេចចិត្ត ដើម្បី​ឈរឈ្មោះសម្រាប់​ការ​បោះឆ្នោតព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ ដោយសារតែ​ខ្ញុំជឿជាក់ថា ខ្ញុំអាចនាំ​យកគុណ​តម្លៃ និងបទ​ពិសោធន៍​របស់រដ្ឋ Utah ឲ្យទៅ​រដ្ឋាភិបាល​ទីក្រុង Washington»។ លោក​បន្ថែមថា «រដ្ឋ Utah គឺមានភាព​ល្អប្រសើរ សម្រាប់​រដ្ឋាភិបាល​ទីក្រុង Washington ជាង​រដ្ឋាភិបាល​ទីក្រុង Washington​ សម្រាប់​រដ្ឋ Utah​»

​លោក Romney មានបំណង​ជំនួសលោក ​Orrin Hatch វ័យ ៨៣ឆ្នាំ នៅក្នុងការ​បោះឆ្នោត ដែលនឹង​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ ខាងមុខនេះ។ សមាជិក​ព្រឹទ្ធសភា ចាស់វស្សា លោក Orrin Hatch បានប្រកាស​ចូលនិវត្តន៍ កាលពីខែមករា​កន្លងទៅ បើទោះបីជា​លោក Trump ជម្រុញឲ្យលោក​ឈរឈ្មោះ​ម្តងទៀតក្តី។

លោក Romney វ័យ ៧០ឆ្នាំ មានឱកាសច្រើន ក្នុងការឈ្នះកៅអី នាការបោះឆ្នោត​ចុងឆ្នាំនេះ ដោយសារតែកេរ្តិ៍ឈ្មោះ​របស់លោក ត្រូវបានគេ​ទទួលស្គាល់ច្រើន និងមាន​ប្រជាប្រិយភាព​នៅក្នុងរដ្ឋមួយនេះ។

គួរជម្រាបថា មុនពេលចូល​ប្រឡូកនយោបាយ, លោក Romney បានដឹកនាំក្រុមហ៊ុន​វិនិយោគ Bain Capital។ បន្ទាប់ពីមាន​​តួនាទី នៅក្នុង​ការរៀបចំ ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវរងា នារដ្ឋ Utah កាលពី​ឆ្នាំ២០០២, លោកបាន​កាន់តួនាទី ជាអភិបាល​រដ្ឋ Massachusetts ចាប់ពី​ឆ្នាំ២០០៣ ដល់​ឆ្នាំ២០០៧៕