(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមរដ្ឋអាជ្ញា​ពិសេស​អាមេរិក ដឹកនាំដោយ​លោក Robert Mueller បានប្រកាស​ថា ជនជាតិ​រុស្ស៊ី ១៣នាក់ និងអង្គភាព​រុស្ស៊ីចំនួន ០៣ ត្រូវចោទ​ប្រកាន់ថា បានលូកលាន់​កិច្ចបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ចុងឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់​ការប្រកាស​ចោទ​ប្រកាន់ជាផ្លូវការ​ខាង​លើនេះ គឺរួមមាន​​ដូចជា ការបោក​បញ្ឆោត ការលួងលោម​ឲ្យ​មានការ​ក្លែង​បន្លំ និងការលួចបន្លំ​​អត្តសញ្ញាណ ព្រមទាំង​គណនី​ធនាគារ​ផងដែរ។ ឯកសារចោទ​​ប្រកាន់​បានចេញ​​ចំនួន ៣៧ទំព័រ ដោយការិយាល័យ​​របស់ លោក Mueller ដែលត្រូវតែងតាំង​​ក្នុងមុខតំណែង​​ខាងលើ ដោយក្រសួង​យុត្តិធម៌​​កាលពី​ឆ្នាំមុន ដើម្បីដោះស្រាយ​​​រឿងក្តីចោទ​​ប្រកាន់ថា រុស្ស៊ីបាន​លូកលាន់​កិច្ចការ​បោះឆ្នោត​​អាមេរិក កាលពី​ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការចោទ​ប្រកាន់នោះ គឺពាក់ព័ន្ធនឹង​ការលូកលាន់របស់​មន្ត្រីរដ្ឋាភិបាល​រុស្ស៊ី ដែលជួយឲ្យ​អតីតបេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត​ក្លាយជាប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈការ​ទម្លាយឯកសារ​សម្ងាត់ ដែលធ្វើឲ្យខូច​ឈ្មោះលោកស្រី ហ៊ីលឡារី គ្លីនតុន ជាគូ​ប្រជែង។ ក្រុមរដ្ឋអាជ្ញា​ពិសេស នឹងធ្វើការងារ​បន្តទៀត​ទៅតាម​នីតិវិធី ក្រោយឯកសារ​ចោទ​ប្រកាន់​ត្រូវបាន​បញ្ចេញ​ជាផ្លូវការ៕