(ការ៉ាកាស់)៖ រដ្ឋាភិបាលនៃលោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសថា ខ្លួននឹងរៀបចំ​ធ្វើសមយុទ្ធ​យោធា​​ដ៏កក្រើក​មួយ ដើម្បីត្រៀមការពារ​ប្រទេសជាតិ​របស់​លោក ក្នុងពេលដែល​ការបោះឆ្នោត​ជិតមកដល់ និងខណៈដែល​ទណ្ឌកម្ម​អាមេរិក កំពុងតែគ្រប​ដណ្តប់​លើប្រទេសអាមេរិក​ខាងត្បូង​មួយនេះ។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ិនហួរ នាព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ម៉ាឌូរ៉ូ បានថ្លែង​យ៉ាងដូច្នេះថា «ខ្ញុំបានណែនាំឲ្យកងកម្លាំងទ័ពជាតិ (FANB) ធ្វើការរៀបចំសមយុទ្ធយោធា​ក្នុងន័យការងារខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិ​របស់យើង ដែលមានឈ្មោះថា សមយុទ្ធយោធា​ឯករាជ្យ​ឆ្នាំ២០១៨ ដែលនឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែកុម្ភៈ ខាងមុខនេះ»

គួរបញ្ជាក់​ផងដែរថា នៅក្នុងសមយុទ្ធយោធា​ខាងមុខ​នេះ លោក ម៉ាឌូរ៉ូ បានបញ្ជាឲ្យ​មានការ​ចល័តទ័ព រួមទាំង​រថក្រោះ គ្រាប់មីស៊ីល យន្តហោះ​ចម្បាំង និងឧទ្ធម្ភាគចក្រ​ជាដើម ដើម្បីសម្តែង​នូវអានុភាព នៅក្នុងន័យ​ត្រៀមខ្លួន​ការពារដួង​ព្រលឹង​របស់ជាតិ។ លោក ម៉ាឌូរ៉ូ ក៏បាន​សង្កត់ធ្ងន់​ផងដែរថា ប្រទេសជាតិ​ត្រូវការការរួបរួមគ្នា​រវាងសព្វាវុធ កម្លាំង​យោធា និងប្រជាជន​ទាំងអស់៕