(ម៉ិចស៊ីកូស៊ីធី)៖ ជាសំណាងល្អ ដែលពុំមានមនុស្សណាម្នាក់រងរបួសធ្ងន់ ឬបាត់បង់ជីវិត​នៅក្នុងគ្រោះរញ្ជួយដី​កម្រិត ៧.២រ៉ិចទ័រ ដែលបានវាយប្រហារ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេសម៉ិចស៊ីកូ ប៉ុន្តែនៅក្នុងនោះ​អគារលំនៅឋាន​ប្រមាណជាង ២០០ខ្នង ត្រូវបាន​គ្រោះ​រញ្ជួយដី​​ដ៏កក្រើកនេះ បង្កឲ្យខូចខាត​ពីតិច​​ទៅមធ្យម។ នេះបើ​តាម​ការ​ចេញផ្សាយ ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​​ថ្ងៃអាទិត្យ ទី១៨​ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមអាជ្ញាធរ​មិចស៊ីកូ ប្រជាជននៅតាមបណ្តារដ្ឋជុំវិញតំបន់​រងគ្រោះរញ្ជួយដី យ៉ាងហោច​ណាស់ ៤២លាននាក់ បានទទួលដឹង និងភ័យរន្ធត់​ចំពោះបាតុភូតធម្មជាតិ​កាលពីថ្ងៃសុក្រកន្លងទៅនេះ (ពេលវេលា​នៅអាមេរិក​ខាងជើង) ហើយប្រជាជន​នៅតំបន់​ទីក្រុង និងតំបន់ប្រជុំ​ជននានា បានចេញមក​ឈរនៅតាម​ទីវាល និងដងផ្លូវ ដើម្បី​សុវត្ថិភាព ព្រោះតែ​រយៈពេល ៦០វិនាទី នៃការញ័រ​រញ្ជួយ​នោះ បានធ្វើឲ្យអគារ លំនៅឋាន និងតូបលក់​ទំនិញ​នានា​ ញ័រទទ្រើក​ទៅតាម​​នោះដែរ។

បើតាមទីភ្នាក់ងារតាមដានរញ្ជួយដី និងផលប៉ះពាល់របស់ម៉ិចស៊ីកូ (UNAM) តំបន់ជុំវិញ​ចំណុចរំញ័រ ដែលស្ថិតនៅចម្ងាយតែ ១០គីឡូម៉ែត្រពីក្រុង Pinotepa នៃ Oaxaca ភាគខាងត្បូងប្រទេសអាមេរិកខាងជើងមួយនេះ។ សម្រាប់បណ្តារដ្ឋដែលរងឥទ្ធិពល នៃរំញ័រខាងលើនេះមានដូចជា Chiapas, Guerrero, Michoacan, Puebla និង Mexico ប៉ុន្តែពុំមានសេចក្តីរាយការណ៍​ណាមួយ ពីមនុស្សរងគ្រោះធ្ងន់ធ្ងរ ឬក៏ស្លាប់នោះ​ឡើយ។

គួរបញ្ជាក់ថា ថ្វីត្បិតតែគ្រោះរញ្ជួយដី មិនបានបង្កឲ្យមនុស្សបាត់ជីវិតប្រាកដមែន ប៉ុន្តែកាលពីយប់ថ្ងៃសុក្រ ក្រោយកើតហេតុរញ្ជួយដីប៉ុន្មានម៉ោងនោះ ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដឹកមន្ត្រីជាន់ខ្ពស់​ទាំងពីររូប គឺរដ្ឋមន្ត្រី​មហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានធ្លាក់ ប៉ុន្តែអ្នកទាំងពីរ​អាចរួចរស់ជីវិត ដោយអ្នក​ស្លាប់​​ចំនួនពីរនាក់ គឺជាប្រជាជន​នៅ​លើដី​តែម្តង។

ក្រោយ​ការធ្លាក់នោះ លោករដ្ឋមន្ត្រី​បានបង្ហោះនៅក្នុង​បណ្តាញ twitter របស់​លោកថា «ពិតជារឿងអកុសល្យណាស់ ដែលមនុស្សពីរ​នាក់​នៅលើដី បានបាត់បង់​ជីវិតរបស់ពួកគេ» នៅក្នុងករណីធ្លាក់​ឧទ្ធម្ភាគចក្រ​របស់លោក។ គួរបញ្ជាក់ថា មន្ត្រីជាន់​ទាំងពីរ​រូប បានធ្វើ​ដំណើរទៅកាន់​តំបន់រងគ្រោះ ដើម្បីពិនិត្យ​មើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយ​ដ៏កក្រើក នៅតំបន់ភាគ​ខាងត្បូង​ប្រទេស៕