(ម៉ិចស៊ីកូ)៖ ព័ត៌មានទើប​ចេញផ្សាយបន្ថែម​ នៅមុននេះបានឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ម៉ិចស៊ីកូ និងអភិបាលរដ្ឋ​រង​គ្រោះរញ្ជួយដី​​ជិះនោះ បានធ្លាក់ចំ​លើ​ទីកន្លែងដែល​មាន​ប្រជាជន​ឈរ​ត្រៀបត្រា បណ្តាល​ឲ្យ​មនុស្ស១៣នាក់ស្លាប់ និង១៥នាក់​​រងរបួស ប៉ុន្តែមន្ត្រីជាន់​ខ្ពស់​ទាំងពីររូប គឺមានសុវត្ថិភាព​​ជាធម្មតា។ នេះ​បើ​តាម​ការដកស្រង់​​ព័ត៌មានពី The Guardian នាព្រឹក​​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ត្រីប្រចាំរដ្ឋ Oaxaca បានអះអាង​ថា ស្ត្រី០៥នាក់, បុរស០៤នាក់ និងក្មេងៗ០៣នាក់ គឺស្ថិតនៅក្នុង​ចំណោមអ្នកបាត់​បង់ជីវិត ខណៈមនុស្ស​ម្នាក់ទៀត​បានស្លាប់ពេល​បញ្ជូលទៅ​ដល់​មន្ទីរពេទ្យ។ អ្នកស្លាប់​ទាំងអស់ គឺជាប្រជាជនដែល​នៅលើដី ហើយដោយឡែក​អ្នកនៅលើឧទ្ធម្ភាគចក្រ​ទាំងអស់ គឺមិនមាន​នរណាបាត់បង់​ជីវិតឡើយ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​មួយគ្រឿងខាងលើនេះ បានដឹកមន្ត្រីជាន់ខ្ពស់​​ទាំងពីររូប គឺរដ្ឋមន្ត្រី​មហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានធ្លាក់ ប៉ុន្តែអ្នកទាំងពីរ​​អាចរួចរស់ជីវិត ហើយ​ភ្លាមៗ​សារព័ត៌មាន​បានផ្សាយថា មានតែមនុស្សពីរនាក់​ប៉ុណ្ណោះ​បានស្លាប់។ មន្ត្រីជាន់​ទាំង​ពីរ​រូប បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​រងគ្រោះ ដើម្បីពិនិត្យ​មើល​ការខូចខាតនានា ក្រោយគ្រោះរញ្ជួយ​​ដ៏កក្រើក នៅតំបន់ភាគ​ខាង​ត្បូង​ប្រទេស កម្រិតរហូត​ដល់៧.២រ៉ិចទ័រ៕